(ភ្នំពេញ)៖ ជុំវិញភាពស្រពេចស្រពិលរបស់អ្នកគាំទ្រអំពីជោគវាសនារបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ជាមួយក្លឹបបឹងកេតអង្គរ នឹងត្រូវលាតត្រដាងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ស្អែកនេះ។ ចាំមើលតើកីឡាករមានដើមកំណើតមកពីខេត្តកំពតរូបនេះ នឹងត្រូវបន្ដរួមរស់ជាមួយក្លឹបជើងឯកលីគកំពូលកម្ពុជា ២ជំនាន់នេះ ឬត្រូវចាកចេញទៅបន្ដអាជីពនៅក្រៅប្រទេស?
ប្រភពព័ត៌មានពីថ្នាក់ដឹកនាំក្លឹបបឹងកេតអង្គរបានឲ្យដឹងថា នៅវេលាម៉ោង ៣រសៀលថ្ងៃទី១២ ខែមករានេះ ក្លឹបនឹងធ្វើសន្និសីទសារព័ត៌មានមួយនៅសណ្ឋាគារភ្នំពេញ ដើម្បីបង្ហាញពីការពិតជុំវិញការវិវត្តន៍រឿងអនាគតកីឡាករ ចាន់ វឌ្ឍនាកា ជាមួយនឹងក្លឹប។ ប្រភពច្បាស់ការដដែលបន្ដថា នៅថ្ងៃស្អែកនេះ អ្នកគាំទ្រគ្រប់គ្នានឹងថា ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំនេះ ត្រូវបន្ដនៅបឹងកេត ឬត្រូវចេញទៅជប៉ុន ថៃ សិង្ហបុរី ឬម៉ាឡេស៊ី?
នេះគឺជាដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលអ្នកគាំទ្រកម្ពុជា កំពុងចង់ដឹង។ ប៉ុន្ដែយ៉ាងណាមានប្រភពជិតស្និទ្ធជាមួយសាម៉ីខ្លួន ចាន់ វឌ្ឍនាកា ផ្ទាល់បានអះអាងថា រដូវកាលថ្មីនេះ វឌ្ឍនាកា នឹងមិនលេងនៅលីគកំពូលកម្ពុជានោះទេ ដែលបញ្ជាក់ឲ្យឃើញថា គេនឹងចាកចេញពីបឹងកេត។ ប៉ុន្ដែនេះគ្រាន់តែជាការលើកឡើងរបស់អ្នកដទៃប៉ុណ្ណោះ តែការពិតយ៉ាងណានឹងដឹងច្បាស់នៅថ្ងៃស្អែក៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង