(វ៉ាស៊ីនតោន)៖ ការសិក្សាស្រាវជ្រាវថ្មី របស់ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិក បានបង្ហាញឲ្យឃើញថា បញ្ហាបំពុលបរិយាកាស អាចបណ្តាលឲ្យមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធសរសៃឈាម និងបំផ្លាញសុខភាព របស់មនុស្សទូទៅ ជាពិសេសមនុស្សវ័យជំទង់។ នេះបើយោងតាមប្រភពព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ ២០១៦។
ក្រុមអ្នកស្រាវជ្រាវ របស់អាមេរិកបានបង្ហាញឲ្យឃើញថា បញ្ហាបំពុលបរិយាកាស អាចធ្វើមនុស្សមានជំងឺត្បៀតសរសៃឈាមបេះដូង ថែមទាំងបង្កឲ្យមនុស្សមានគ្រោះថ្នាក់ រហូតដល់បាត់បង់ជីវិត ដោយសារការកើតមានជំងឺប្រព័ន្ធសរសៃឈាម ទាំងមិនដឹងខ្លួន ប្រសិនបើគ្មានការប្រុងប្រយ័ត្ន ឲ្យបានត្រឹមត្រូវ។
ដោយឡែក ការបំពុលបរិយាកាស ត្រូវបានកើតឡើងដោយការបញ្ចេញផ្សែងពុល ឬឧស្ម័នពុលចេញពីរថយន្ត ទោចក្រយានយន្ត រោងចក្រ ផ្សែងបារី និងអគ្គីភ័យផ្សេងៗ ទៅក្នុងបរិយាកាស ដែលអាចធ្វើឲ្យមនុស្សភាគច្រើន ស្រូបចូលទៅក្នុងសារពាង្គកាយ តាមរយៈចលនាដង្ហើមចេញចូល របស់ពួកគេ។
ជាមួយគ្នានេះដែរ ការសិក្សាស្រាវជ្រាវ ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត របស់អាមេរិកក្នុងរយៈពេល៣ឆ្នាំ បានរកឃើញថា ការរស់នៅក្នុងបរិយាកាស ដែលសម្បូរដោយផ្សែងពុល បានធ្វើឲ្យការដកដង្ហើមរបស់ពួកគេ ត្រូវបានលាយឡំដោយឧស្ម័នពុលជារឿយៗ ដោយឧស្ម័នពុលទាំងនោះ អាចធ្វើការសាយភាយនៅក្នុងសរីរាង្គ និងប្រព័ន្ធសរសៃឈាម របស់ពួកគេ ដែលជាហេតុបណ្តាលឲ្យ មានបញ្ហាសុខភាពនាថ្ងៃអនាគត ជាពិសេសជំងឺប្រព័ន្ធសរសៃឈាម៕
ប្រភព ៖ ស៊ិនហួរ
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង