(ប៉ារីស)៖ ក្រុមបាល់ទាត់ជម្រើសជាតិបារាំង រកបាន៣ពិន្ទុលើកដំបូង ពេលយកឈ្នះក្រុមភ្ញៀវបុលហ្គារី ៤-១ យប់មិញនេះ ក្នុងវគ្គជម្រុះ World Cup 2018 នៅរុស្ស៊ី ប្រចាំទ្វីបអឺរ៉ុប ដេញតាមពីក្រោយក្រុមហូឡង់ ប្រចាំពូល A បណ្តោះអាសន្ន។
ក្នុងជំនួបដ៏ស្វិតស្វាញយប់មិញនេះដែលជាការប្រកួតសន្សំពិន្ទុលើកទី២ ក្នុងពូល A ម្ចាស់ពានបាល់ទាត់ពិភពលោក ឆ្នាំ១៩៩៨ មួយនេះ បានបើកឱកាសឲ្យក្រុមភ្ញៀវបុលហ្គារី នាំមុខ ១គ្រាប់មុននៅនាទីទី៦ ដោយបាល់ប៉េណាល់ទី មុនពេលធ្វើការវាយបកបាន៣គ្រាប់វិញ មុនបញ្ចប់វគ្គទី១ រយៈពេល៤៥នាទីដំបូងនៅទីក្រុងប៉ារីសនោះ។
កីឡាករ Kevin Gameiro ជាអ្នករកគ្រាប់តាមស្មើ ១-១ ឲ្យបារាំងនៅនាទីទី២៣ គ្រាដែល Mihail Aleksandrov ជាអ្នកទាល់បាល់ពិន័យ ១១ម៉ែត្រឲ្យបុលហ្គារីនាំមុខនៅនាទីទី៦នោះ និងកីឡាករ Dimitri Payet រកបានគ្រាប់ទី២ ឲ្យបារាំង នៅនាទីទី២៦ ហើយខ្សែប្រយុទ្ធមកពីក្លឹប Atletico Madrid របស់អេស្ប៉ាញ Antoine Griezmann រកបាន គ្រាប់ទី៣ នៅនាទីទី៣៨ ជាមួយនឹង Kevin Gameiro បន្ថែមគ្រាប់ទី៤ នៅនាទីទី៥៩ដែលធ្វើឲ្យការប្រកួតទាំងស្រុង មានគម្លាតគ្នាជាខ្លាំងរហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី។
នេះជាលើកទី១ សម្រាប់បារាំងដែលអាចរកបាន៣ពិន្ទុក្នុងទឹកដី ក្រៅពីរកត្រឹម១ពិន្ទុ ពេលលេងបានស្មើលទ្ធផល ០-០ ក្នុងទឹកដីរបស់បែលឡារុស ក្នុង១ប្រកួតសន្សំពិន្ទុក្នុងពូល A តាមពីក្រោយហូឡង់ដដែល ដោយរកបាន៤ពិន្ទុស្មើគ្នា ពេលឈ្នះក្រុមភ្ញៀវបែលឡារុស ៤-១ ដូចគ្នាយប់មិញនេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង