(ព្រៃវែង)៖ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ ស្រេង ជា បានបញ្ជាក់នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ អធិការនគរបាលស្រុកស្វាយអន្ទរ លោក ពុំ កាន់ ត្រូវបានចាប់ខ្លួន ក្រោយមានករណីចុះបង្ក្រាបសង្វៀនជល់មាន់ ហើយផ្ទុះអាវុធរហូតស្លាប់មនុស្សម្នាក់ កាលពីម្សិលមិញ។ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា នៅពេលនេះលោកអធិការ ត្រូវបានយកមកឃុំខ្លួន នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ក្រោយចាប់ខ្លួនកាលពីម្សិលមិញ បន្ទាប់ពីមានករណីនេះកើតឡើង។
កាលពីម្សិលមិញ លោក ពុំ កាន់ អធិការនគរបាលស្រុកស្វាយអន្ទរ បានដឹកនាំកម្លាំងចុះបង្រ្កាបល្បែង សុីសងខុសច្បាប់ (មានជល់មាន់ និងបៀរអាប៉ោង) ពេលនោះស្រាប់តែលោកដកកាំភ្លើងខ្លីពីចង្កេះបាញ់ឡើងលើ ប៉ុន្តមិនដឹងយ៉ាងមិច ស្រាប់តែគ្រាប់កាំភ្លើងនោះហោះផ្លាតទៅត្រូវបុរសម្នាក់ដែលកំពុងឈរកាន់កូន បណ្តាលឱ្យដួលសម្លាប់មួយរំពេច ។
ការបង្ក្រាបល្បែងសុីសងខាងលើនេះ បានធ្វើឡើង នៅភូមិតងឡងទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ពេលនោះស្រាប់តែលោកអធិការ បានរាលកៃកាំភ្លើងខ្លី ផ្ទុះត្រូវបុរសម្នាក់ដែលកំពុងឈរកាន់កូន បណ្តាលឱ្យដួលស្លាប់មួយរំពេច។
ប្រជាពលរដ្ឋបានប្រាប់ថា បុរសម្នាក់ដែលត្រូវគ្រាប់កាំភ្លើងចំក្បាលនោះ ឈ្មោះកិត អីម អាយុ៣៨ឆ្នាំ មានទីលំនៅភូមិតងឡងទី៣ ឃុំព្រៃខ្លា និងប្រពន្ធឈ្មោះ សុឹម ម៉េង អាយុ៣៤ឆ្នាំ រស់ស្រុកជាមួយគ្នា។
បើតាមអ្នកភូមិ ខណៈដែលសមត្ថកិច្ចចុះទៅបង្រ្កាប ទីតាំងជល់មាន់ ពេលនោះអ្នកមើលនិងអ្នកលេង បាននាំគ្នារត់ចេញយា៉ងប្រសេចប្រសាច រំពេចនោះស្រាប់តែស្នូរគ្រាប់កាំភ្លើង១គ្រាប់បានផ្ទុះបន្លើរឡើង បន្តិចក្រោយមកស្រាប់តែបុរសម្នាក់បានដួលដេកនឹងដីនៅក្នុងថ្លុកឈាម ក្រោយពីគ្រាប់កាំភ្លើងនោះបានហោះទៅទម្លុះក្បាលរបស់គាត់ធ្លាយពីម្ខាងទៅម្ខាង ។
ដោយឡែកប្រពន្ធបុរសរងគ្រោះពេលនោះបានស្រែកថា "ហេតុអីបាញ់ប្តីខ្ញុំអញ្ចឹង" ។ ប៉ុន្តែសមត្ថកិច្ចមិនបានឆ្លើយតបទេ ។ រីឯកូនតូចដែលត្រូវប្តីបីក្រកងនោះក៏រងរបួសបន្តិចបន្តួចផងដែរ៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី