(ហាណូយ)៖ មជ្ឈមណ្ឌលអភិរក្ស Ho Citadel វៀតណាម បានឲ្យដឹងថា ស្គរដ៏ចំណាស់មួយនៅក្នុង វប្បធម៌ Dong Son ដែលមានអាយុកាលពីចន្លោះ ២០០០ ដល់២៥០០ ឆ្នាំមុន ត្រូវបានគេរកឃើញ នៅឯតំបន់បេតិភណ្ឌពិភពលោក នៅឯខេត្ត Thanh Hao ភាគកណ្ដាលប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦។
ប្រភពដដែលបានឲ្យដឹងដែរថា ប្រជាជននៅក្នុងតំបន់ បានប្រទះឃើញស្គរបុរាណនេះ នៅក្នុងស្រុក Vinh Loc ស្ថិតនៅចំងាយប្រមាណជាង មួយគីឡូម៉ែត្រ ពីតំបន់ Citadel of Ho Dynasty ដែលត្រូវបានអង្គការ UNESCO ចុះបញ្ជីជាតំបន់បេតិភណ្ឌពិភពលោក កាលពីឆ្នាំ២០១១។ ស្គរបុរាណនេះមានទំហំ ៥៩សង់ទីម៉ែត្រ និង កម្ពស់៤៣សង់ទីម៉ែត្រ ហើយវាគឺជាប្រភេទស្គរធ្វើពីសំរិទ្ធដោយ មានរចនាបថដ៏ប្រណិត ក៏ប៉ុន្តែមានផ្នែកខ្លះ បានបាក់បែកទៅហើយ។
គួរបញ្ជាក់ថា ស្គរសំរិទ្ធ Dong Son ត្រូវបានផលិតឡើងនៅក្នុងវប្បធម៌ Dong Son នៃតំបន់ដីសណ្ដរទន្លេ ក្រហមនៅប្រទេសវៀតណាម រាប់ចាប់ពី ឆ្នាំ៦០០មុនគ.ស ឬក៏ហូតដល់ដើមសតវត្សរ៍ទី៣ នៃគ.ស ហើយដែលស្គរនេះជាគំរូមួយនៃការរីកចំរើន វប្បធម៌លោហៈរបស់វៀតណាម៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង