CamNews

ព័ត៌មានអន្តរជាតិ 

ជប៉ុន៖ ជើងហោះហើរសរុបជិត ៤០០ត្រូវលុបចោល ដោយសារការវាយប្រហារនៃព្យុះទីហ្វុង Mindulle

(តូក្យូ)៖ ព្យុះទីហ្វុងកំណាច Mindulle ត្រូវបានគេរំពឹងថា នឹងវាយប្រហារភាគខាងត្បូង ប្រទេសជប៉ុនតែម្តង នៅដើមសប្តាហ៍ថ្មីនេះ ខណៈជើងហោះហើរទាំងក្នុងនិងក្រៅស្រុកសរុប ៣៨៧ជើង (ក្នុងស្រុក១៤៥ជើង) ត្រូវបានសម្រេចលុបចោល នាំឲ្យប៉ះពាល់ដល់ អ្នកដំណើរ ៤៨,០០០នាក់ ។ នេះបើតាមការចេញផ្សាយនៅ មុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០១៦។

Mindulle ត្រូវបានទីភ្នាក់ងារព្យាករណ៍ អាកាសធាតុជប៉ុន JMA ប្រកាសថា នឹងមកដល់ឆ្នេរភាគខាងកើតប្រទេស នៅរសៀលថ្ងៃចន្ទ នេះ ហើយវានឹងបង្កជា ខ្យល់បោកបក់ខ្លាំង, ភ្លៀងធ្លាក់យ៉ាងគំហុក, និង អាចកើតមានការបាក់ដី នៅតំបន់ភ្នំមួយចំនួនថែមទៀត ក្នុងនោះក៏មានទីក្រុងតូក្យូផងដែរ។ ពីទីក្រុងតូក្យូ ទៅដល់តំបន់ Tohoku ភាគខាងជើងប្រទេស ត្រូវបាន JMA ព្រមានថា នឹងក្លាយជាកន្លែង ដែលទទួលរងគ្រោះខ្លាំងជាងគេ។

គួរបញ្ជាក់ថា នៅពេលនេះព្យុះកំពុងតែសំដៅ មកប្រទេសជប៉ុនក្នុងល្បឿន ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយមានទិសដីមកពីតំបន់ប្រជុំកោះ Miyake។ រលកសមុទ្រ និងមានកម្ពស់កើនឡើង ជាពិសេសទីក្រុងតូក្យូ អាចនឹងប្រឈមមុខការវាយប្រហារខ្លាំង ដែលជាហេតុនាំឲ្យអាជ្ញាធរចេញសេចក្តីព្រមាន ឲ្យមានការប្រុងប្រយ័ត្ន ពីសំណាក់ប្រជាពលរដ្ឋ ក្នុងកម្រិតខ្ពស់បំផុត៕



ប្រភព ៖ CNA

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Tokyo Japan Int news Breaking news Hot news