CamNews

ព័ត៌មានអន្តរជាតិ 

អង្គការអវកាស NASA​ ៖ «ភពចំនួន ៣០ ត្រូវ​បាន​រក​ឃើញ នឹង​អាច​ជា​កន្លែង ដែល​មាន​ជីវិត​រស់​នៅ»

(អវកាស)៖ ទីភ្នាក់ងារអវកាស អាមេរិក NASA បានធ្វើការបើសន្និសីទសារព័ត៌មាន ដ៏កម្រមួយក្នុងសប្តាហ៍នេះ ដើម្បីបង្ហាញពីលទ្ធផលនានា ដែលចេញដោយកែវយឺតអវកាស Kepler ដែលបាន បំពេញបេសកកម្ម ក្នុងទីអវកាសអស់រយៈពេល​០៧ឆ្នាំមកហើយ ក្នុងនោះគេអាចសន្មត់ថា ភពថ្មីៗ ចំនួន ៣០ឯណោះ ដែលអាចឲ្យជីវិតរស់នៅបាន។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មានអវកាស នាព្រឹកថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០១៦។

នៅក្នុងសន្និសីទ នាយប់ថ្ងៃអង្គារ នៅឯទីស្នាក់ការ NASA នាទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក អង្គការនេះបានប្រកាស​ថា ខ្លួនបានរកឃើញភពសរុប ១,២៨៤ នៅប្រព័ន្ធព្រះអាទិត្យផ្សេងពីយើង ដោយប្រើប្រាស់កែវយឺត Kepler តែមួយមុខប៉ុណ្ណោះ ចាប់តាំងពីការបាញ់បង្ហោះវា កាលពីឆ្នាំ ២០០៩ រហូតមកដល់ឆ្នាំ ២០១៦ នេះ។

កន្លងមក Kepler បានធ្វើការពិនិត្យលម្អិតទៅលើ តារានានាចំនួនជាង ១៥០,០០០ នៅក្នុងកាឡាក់ស៊ី មាលគីវេយ៍ ដើម្បីស្វែងរកភពដែល ធ្វើដំណើរឆ្លងកាត់ពន្លឺ នៃតារាទាំងនោះ ហើយជាក់ស្តែងផ្កាយភាគច្រើន ពុំត្រូវបានគេរកឃើញភពវិលជុំវិញនោះឡើយ។ តាមពិតភព ដែលគេអះអាងថា មាននោះ គឺមានចំនួន ៥,០០០ភពឯណោះ ប៉ុន្តែក្នុងចំណោមនោះភព ៣,២០០ ប៉ុណ្ណោះ ដែលត្រូវបានគេសិក្សា និង ២,៣០០ទៀត កំពុងតែត្រូវ Kepler ធ្វើការកំណត់នៅឡើយ។

ចំពោះបណ្តាភពទាំង ១,២៨៤ ដែលបានទទួលការសិក្សាច្បាស់លាស់នោះ គឺក្នុងចំណោមនោះមាន ភពចំនួន ៥៥០ អាចជាភពក្រាលដោយថ្ម ដូចភពផែនដីយើង ដោយគេយោងលើទំហំរបស់ពួកវា តែម្តង។ ដោយឡែកភពចំនួន ០៩ក្នុងចំណោមនោះ គឺកំពុងស្ថិតនៅក្នុងគន្លងល្អជាងគេ ដែលមាន​ន័យថា ពួកវាស្ថិតក្នុងគន្លងស្រដៀង និងគន្លងរបស់ភពផែនដី និងព្រះអាទិត្យ ដែលនាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការសន្និដ្ឋានថា អាចមានជីវិតរស់នៅទីនោះ ឬគ៏ពួកវាអាចជាកន្លែង ដែលឲ្យជីវិតរស់នៅបាន។

ដោយឡែកបើសរុបជារួមទៅ ភពដែលធំជាងផែនដី និង មានគន្លងស្រដៀងផែនដី ពីព្រះអាទិត្យទៀត​នោះ មានចំនួនរហូតដល់ទៅ ២១ភពទៀតឯណោះ ហេតុដូច្នេះជីវិតទំនងជា ងាយនឹងអាចកើតឡើង នៅទីនោះជាងបណ្តាភពរាប់ពាន់ទៀត ដែលមានគន្លងមិនដូចផែនដី និងព្រះអាទិត្យ។

យ៉ាងណាក៏ដោយ រឿងដែលងាយយល់ពេលនេះ គឺបណ្តា​ភពនានា ដែលនៅជិតព្រះអាទិត្យរបស់វា ពេក នោះបរិយាកាសនឹងក្តៅខ្លាំង មិនអាចឲ្យជីវិតរស់នៅបានទេ ហើយសម្រាប់ភពដែលស្ថិតនៅ ឆ្ងាយពីព្រះអាទិត្យពេក អាកាសធាតុនឹងត្រជាក់ខ្លាំង ដែលនាំឲ្យជីវិតពិបាកនឹងកកើតឡើងផងដែរ។ ការហ៊ានសន្និដ្ឋានថា កន្លែងណាមួយ ដែលអាចស្វាគមន៍ជីវិតនោះ គឺយោងទៅលើគន្លង និង​ព្រះអាទិត្យ ដែលស្រដៀងនឹងភពផែនដី និងព្រះអាទិត្យរបស់យើងនេះ ជាឧទាហរណ៍ចម្បង៕


ប្រភព ៖ wtkr

ផ្តល់សិទ្ធដោយ ៖​ ខ្មែរថកឃីង


Tags: NASA Kepler planet Int news Hot news