(កាណាដា)៖ ល្បែងហ្គេមតាមស្មាតហ្វូន Pokemon Go បានធ្វើឲ្យមនុស្សមួយចំនួន ជាពិសេសយុវវ័យ នៅទូទាំងពិភពលោក វក់លេងយ៉ាងខ្លាំង រហូតភ្លេចគិតពីសុវត្ថិភាពផ្ទាល់ខ្លួន ដូច្នេះហើយ បានជាថ្មីៗនេះ បណ្តាប្រទេសមួយចំនួន បានក្រើនរំឭក និងចេញបម្រាមមិនឲ្យមានការលេងហ្គេមនេះ នៅតាមកន្លែងនានា ដែលអាចនាំឲ្យរងគ្រោះថ្នាក់ ជាយថាហេតុ។
ប៉ូលិសនៅរដ្ឋ Ontarion ប្រទេសកាណាដា ក៏បានជម្រុញឲ្យមនុស្សលេង Pokemon Go ប្រកបដោយការ ទទួលខុសត្រូវផងដែរ ដូចជាមានហេតុការណ៍មួយ ទើបនឹងកើតឡើងថ្មីៗនេះ គឺក្រុមប៉ូលិសបានជិះឧទ្ធម្ភាគចក្រ តាមរថយន្តមួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ ដែលគេសង្ស័យថា ជាចោរតែទីបំផុតការឃាត់រថយន្តបុរសនោះ ឲ្យឈប់ពិនិត្យទើបដឹងថា គេកំពុងជក់លេង Pokemon Go សោះ។
នៅថ្ងៃកើតហេតុ បុរសដែលត្រូវប៉ូលិសសង្ស័យនោះ បានបើករថយន្តត្រាច់ចរចុះឡើងៗ មើលទៅមិនប្រក្រតី ឆ្លងកាត់ទីក្រុង Vaughan ទើបក្រុមសមត្ថកិច្ចសង្ស័យ រហូតដល់ជិះឧទ្ធម្ភាគចក្រដេញតាម ព្រោះខ្លាចមានបទល្មើសអ្វីមួយកើតឡើង ហើយក៏ប្រាប់ប៉ូលិសផ្សេងទៀត ឲ្យជួយឃាត់រថយន្ត ទីបំផុត បែរជាអ្នកបើកបរកំពុងវក់ នឹងលេងហ្គេមទៅវិញ។
មិនមានការផាកពិន័យ ទៅលើអ្នកបើកបរនោះទេ គ្រាន់តែប៉ូលិសផ្តល់ការណែនាំគាត់ខ្លះៗប៉ុណ្ណោះ ដើម្បីចៀសវាងគ្រោះថ្នាក់ កើតដោយចៃដន្យ ព្រោះតែការជក់លេងហ្គេម មួយនេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង