CamNews

ព័ត៌មានអន្តរជាតិ 

ឧទ្ធម្ភាគចក្រ​ ដែល​ដឹក​អនុរដ្ឋ​មន្ត្រី និង​​សមាជិក​សភា ទំនង​ជា​បាន​ធ្លាក់​ចូល​ទន្លេ បាត់ទៅហើយ

(គូឡាឡាំពួរ)៖ ក្រុមស្វែងរក ឧទ្ធម្ភាគចក្ររបស់អនុរដ្ឋមន្ត្រី និង​សមាជិកសភា របស់ម៉ាឡេស៊ី ដែលបានបាត់ដំណឹង កាលពីយប់ ថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ បានប្រកាសថា ពួកគេបានរកឃើញ បំណែកនៃឧទ្ធម្ភាគចក្រ ដែលមានមនុស្សជិះ ០៦នាក់នោះហើយ ប៉ុន្តែគេនៅមិនទាន់ដឹងថា តើ​ជោគវាសនារបស់មន្ត្រីទាំងនោះ ទៅជាយ៉ាងណានៅឡើយទេ។ នេះបើតាមការចេញផ្សាយមុន នេះបន្តិចដោយ Channel News Asia នាព្រឹកថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ២០១៦។


នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) បានប្រកាសនៅព្រឹកថ្ងៃសុក្រ នេះទៀតថា ឧទ្ធម្ភាគចក្រខាងលើនេះ បាត់ដំណឹង នៅក្នុងតំបន់ Sarawak ហើយបំណែកមួយ របស់វាត្រូវបានគេប្រទះឃើញ នៅក្បែរដងទន្លេ Batang Sadong ភាគខាងកើត ប្រទេស ម៉ាឡេស៊ី ដែលនាំឲ្យគេព្រួយបារម្ភថា ឧទ្ធម្ភាគចក្រទំនងជា បានធ្លាក់ចូលទន្លេទៅហើយ។

គួរបញ្ជាក់ថា មន្ត្រីសំខាន់ៗនៅក្នុងឧទ្ធម្ភាគចក្រ ខាងលើនេះគឺ អនុរដ្ឋមន្ត្រីផ្នែក ដំណាំឧស្សាហកម្ម និងទំនិញ លោកស្រី Noriah Kasnon និងស្វាមីលោក Asmuni Abdullah, សមាជិកសភាមកពី រដ្ឋ Kuala Kangsar លោក Wan Mohammad Khairil ព្រមជាមួយនឹងកង សន្តិសុខផ្ទាល់ខ្លួន របស់មន្ត្រីទាំងនោះសរុប មានទាំងអស់ ០៦នាក់។ រហូតមកដល់ពេលនេះ ក្រុមសង្គ្រោះនៅតែបន្ត ស្វែងរកឧទ្ធម្ភាគចក្រ នៅឡើយ៕


ប្រភព ៖ CNA

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Malaysia Int news Hot news Breaking news