(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានបញ្ជាឲ្យផ្នែកប្រតិបត្តិរៀបចំទណ្ឌកម្មថ្មីបន្ថែមទៀត ទៅលើប្រទេសកូរ៉េខាងជើង ដើម្បីឆ្លើយតបទៅនឹងការធ្វើតេស្តគ្រាប់បែកប្រល័យលោក និងការបាញ់សាកល្បង មីស៊ីលចំនួន៧គ្រាប់នៅដើមឆ្នាំ ២០១៦នេះ។ នេះបើតាមការផ្សាយរបស់ស៊ិនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា។
នាពេលកន្លងមកនេះផ្នែកប្រតិបត្តិទណ្ឌកម្មរបស់អាមេរិក បានធ្វើការរារាំងចំពោះការផ្ទេរទ្រព្យសម្បត្តិ នានាដែលពាក់ព័ន្ធនឹងរដ្ឋាភិបាលកូរ៉េខាងជើង និង គណបក្សពលករកូរ៉េ។ ទណ្ឌកម្មថ្មីនេះ គឺនឹងមានឥទ្ធិពលទៅលើមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើង១៧រូប ព្រមទាំងអង្គការពាក់ព័ន្ធរបស់រដ្ឋនេះ មួយចំនួនទៀតដែរ។
គួរបញ្ជាក់ថា ទណ្ឌកម្មថ្មីៗទៅលើប្រទេសកូរ៉េខាងជើងនៅដើមឆ្នាំ ២០១៦ មានដូចជាការហាមឃាត់លើ អាជីវកម្មរ៉ែ, ហិរញ្ញវត្ថុ និង វិស័យដឹកជញ្ជូន, ការហាមឃាត់ការដឹកជញ្ជូនទំនិញ, សេវាកម្ម, បច្ចេកវិទ្យា និង ការវិនិយោគថ្មីៗ នៅកូរ៉េខាងជើងតែម្តង៕
- អាន ៖ កូរ៉េខាងជើង ស្លឈាម ក្រោយបែកធ្លាយ ឯកសារ ៤ប្រការ "ទណ្ឌកម្មធ្ងន់ធ្ងរបំផុត" ពីអាមេរិក-ចិន
ប្រភព ៖ ស៊ិនហួរ
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី