(ម៉ានីល)៖ ក្រុមការពារតំណែងជើងឯកថៃ ត្រូវការតែ៣ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីរក្សាបានកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 ពេលជួបក្រុមភ្ញៀវដូចគ្នា សិង្ហបុរី (Singapore) នាម៉ោង ១៥៖៣០នាទីរសៀល (ម៉ោងនៅកម្ពុជា) ក្នុងវគ្គសន្សំពិន្ទុក្នុងពូល A ដែលមានហ្វីលីពីន ធ្វើម្ចាស់ផ្ទះ។
ក្រុមដែលមានរហស្សនាមថា «ដំរី» ថៃ បានកំពុងតែឈរនៅកំពូលតារាងនៃពូល A ជាបណ្តោះអាសន្ន ដោយមាន៣ពិន្ទុច្រើនជាងគេ បន្ទាប់ពីបានយកឈ្នះក្រុមឥណ្ឌូនេស៊ី ដោយលទ្ធផលបច្ចេកទេស ៤-២ នៅថ្ងៃបើកឆាកប្រកួតសន្សំ ពិន្ទុដំបូង១ថ្ងៃ មុនពូល B ចាប់ផ្តើមប្រកួតសន្សំពិន្ទុដូចគ្នានៅប្រទេសមីយ៉ាន់ម៉ា។
តែយ៉ាងណាមិញ សម្ពាធធ្លាក់ទៅខាងសិង្ហបុរីខ្លាំង ត្បិតត្រូវការ៣ពិន្ទុជាចាំបាច់ គ្រាដែលទើបរកបាន១ពិន្ទុនៅឡើយ ក្រោយប្រកួតស្មើលទ្ធផល ០-០ ពេលជួបម្ចាស់ផ្ទះហ្វីលីពីននៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីស្រោចស្រង់ ស្ថានការណ៍ឡើងវិញ ក្នុងការប្រជែងយកកៅអីវគ្គ៤ក្រុមចុងក្រោយដូចគ្នា។
បន្ទាប់ពីចប់គូថៃ ប៉ះសិង្ហបុរីទៅ នាម៉ោង ១៩៖០០នាទីក្បាលព្រលប់ ម្ចាស់ផ្ទះហ្វីលីពីន ត្រូវប៉ះក្រុមដែលគ្មានពិន្ទុរាប់ ឥណ្ឌូនេស៊ីវិញម្តង មុនពេលកម្ពុជាជួបម្ចាស់ផ្ទះមីយ៉ាន់ម៉ា និងម៉ាឡេស៊ី ជួបវៀតណាម នៅថ្ងៃទី២៣ ខែវិច្ឆិកា ប្រកួតក្នុងពូល B វិញម្តង៕
ថៃ (ខៀវ) ជួបសិង្ហបុរី នាពេលកន្លងមក
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង