CamNews

ព័ត៌មានអន្តរជាតិ 

អាជ្ញាធរតៃវ៉ាន់ រកឃើញករណីឆ្លងវីរុស Zika ទី១០ លើស្ត្រីម្នាក់ ដែលធ្លាប់ធ្វើដំណើរទៅម៉ាឡេស៊ី

(តៃប៉ិ)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងតៃវ៉ាន់ បានឱ្យដឹងថា នៅថ្ងៃអាទិត្យនេះ ស្ត្រីម្នាក់ត្រូវបានគេរាយការណ៍ថា បានឆ្លងវីរុស Zika​ នៅបន្ទាប់ពីបានធ្វើដំណើរ ជាមួយនឹងអ្នកទេសចរណ៍មួយក្រុម ទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីចុងខែកញ្ញាកន្លងទៅដែលនេះធ្វើឱ្យ ការឆ្លងវីរុសមួយនេះកើនដល់ ១០ករណីនៅកោះតៃវ៉ាន់ ។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០១៦។



បើតាមមជ្ឈមណ្ឌលដដែល ​ស្រ្តីខាងលើមានអាយុប្រហែល៥០ឆ្នាំ បានទៅមន្ទីពេទ្យកាលពីថ្ងៃទី៥ ខែតុលា ដោយសារមានការអាការៈ ឈឺក្បាល គ្រុនក្ដៅ និងឈឺសាច់ដុំ ហើយគេធ្វើរោគវិច្ឆ័យរកឃើញថា មានផ្ទុកវីរុស Zika និងបានស្នើឱ្យស្រ្តីរូបនេះនៅដាច់ពីគេឯង រហូតដល់ថ្ងៃទី១៦ ខែតុលា។ មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលមួយនេះក៏បានស្នើឱ្យស្រ្តីគ្រប់រូប ការពារខ្លួនកុំឱ្យមូសខំា ខណៈអាជ្ញាធរនៅក្នុង តំបន់បានចាត់ វិធានការបង្ការជាច្រើន ព្រមទំាងបន្តតាមដានសុខភាព របស់អ្នកទេសចរណ៍៧១នាក់ ផ្សេងទៀត​ដែលបានធ្វើដំណើរ ទៅកាន់ប្រទេសម៉ាឡេស៊ី ជាមួយនឹងស្ត្រីរូបនេះ។

សូមជំរាបថា គ្មានសមាជិកគ្រួសារណាម្នាក់របស់ស្រ្តីខាងលើ បានឆ្លងវីរុស Zika នោះទេ។ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង តៃវ៉ាន់៕





ប្រភព ៖ ស៊ិនហួរ


Tags: Zika Int news US Obama Taiwan