គ្រោះថ្នាក់ ៖ សួនសត្វមួយកន្លែងដែល មាន វត្តមាន នៅ ភាគកណ្តាលទីក្រុង Santiago ប្រទេស ឈីលីនោះ ត្រូវបង្ខំចិត្តបាញ់សម្លាប់ តោ ដល់ ទៅ ២ ក្បាល អំឡុងថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ ដើម្បីការពារ បុរសដែលប៉ុនប៉ង់សម្លាប់ខ្លួនម្នាក់ ក្រោយពីរូបលោកចុះចូលទៅក្នុង ទ្រុងតោ ដ៏សាហាវនិងកំណាច។
ភ្លាមៗចំណាត់ការនៃការរក្សាសន្តិសុខ ត្រូវ បាន ធ្វើឡើង ពោល នៅពេលដែលក្រុមការងារសួន សត្វបានប្រទះឃើញ បុរសប៉ង់ធ្វើអត្តឃាត សម្រូតខ្លួនចុះចូលទៅក្នុងទ្រុងតោ ដោយប្រើខ្សែពួរ ។ប្រធានសួនសត្វ Santiago Zoo លោកស្រី Alejandra Montalva គូសបញ្ជាក់ដល់ទូរទស្សន៍ក្នុងស្រុក TVN ឲ្យដឹងថា តោ ២ ក្បាល មួយញី និងមួយទៀតឈ្មោលបានបើកការវាយប្រហារ ទៅលើ បុរសប៉ង់ធ្វើអត្តឃាត រហូតនាំមកនូវចំណាត់ការជាក់ស្តែង បាញ់សម្លាប់តោ ២ ក្បាល មុននឹងមាន ការវាយប្រហារសម្លាប់បុរសប៉ង់ធ្វើអត្តឃាត។
លោកស្រី គូសបញ្ជាក់ឲ្យដឹងថា ជាការពិត វាពិតជាក្តុកក្តួលពីព្រោះថា សត្វទាំងអស់នៅក្នុងសួន សត្វ ក៏ជាផ្នែកមួយនៃគ្រួសាររបស់ពួកយើង។ តោ ២ ក្បាលដែលត្រូវបានសម្លាប់នោះ វារស់នៅជា មួយនឹងពួកយើង អស់ រយៈពេល ច្រើនជាង ២០ ឆ្នាំ ហើយ ។ ដោយឡែក បុរសប៉ង់ធ្វើអត្តឃាត ដែលមានវ័យ ប្រមាណ ៣០ឆ្នាំ នោះ ត្រូវបាននាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយរងនូវការ វាយប្រហាររបួសធ្ងន់ ៕