(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានចាប់ផ្តើមប្រើប្រាស់ឧបករណ៍បំពងសំឡេង ដើម្បីផ្សព្វផ្សាយដំណឹងជូនដល់ប្រជាជនកូរ៉េខាងជើងបានជ្រាបពីអំពើឃាតកម្មទៅលើលោក គីម ជុងណាំ ដែលត្រូវជាបងប្រុសម្តាយទីទៃរបស់មេដឹកនាំកំពូលនៃប្រទេសកុម្មុនិស្តមួយនេះគឺលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។
ចំណាត់ការត្រូវបានធ្វើឡើងសំដៅបង្ហាញពីអំពើដ៏ឃោឃៅរបស់របបដឹកនាំផ្តាច់ការនៅក្នុងទីក្រុងព្យុងយ៉ាង ដែលរដ្ឋាភិបាលទីក្រុងសេអ៊ូលមានការជឿជាក់ខ្ពស់ថា គឺជាមេខ្លោងដែលស្ថិតនៅពីក្រោយខ្នងនៃការលួចធ្វើឃាតលើលោក គីម ជុងណាំ នៅឯអាកាសយានដ្ឋានអន្តជាតិនៃរដ្ឋធានីគូឡាឡាំពួរប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៣ ខែកុម្ភៈសប្តាហ៍មុននេះ។
មន្រ្តីយោធាមួយរូបរបស់កូរ៉េខាងត្បូងបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានយុនហ៉ាប់ ដូច្នេះថា «យើងបានធ្វើការផ្សព្វផ្សាយតាមរយៈឧបករណ៍បំពងសំឡេងចំនួន៣៤គ្រឿងនៅតាមបណ្តោយបន្ទាត់ព្រំដែនរវាងប្រទេសកូរ៉េទាំងពីរ ដើម្បីជូនដំណឹងដល់ពលទាហានព្រមទាំងប្រជាជនស៊ីវិលនៅក្នុងប្រទេសកូរ៉េខាងជើងទាំងអស់ឲ្យបានជ្រាបថាប្រមុខដឹកនាំកំពូលដ៏ខ្ពង់ខ្ពស់របស់ពួកគេ គឺជាអ្នកនៅពីក្រោយខ្នងការសម្លាប់បងប្រុសរបស់ខ្លួនឯងគឺលោក គីម ជុងណាំ»។
គួរបញ្ជាក់ថាលោក គីម ជុងណាំ ដែលជាកូនប្រុសច្បងរបស់អតីតមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ីល ត្រូវបានស្រ្តីពីរនាក់ក្រោមការបង្គាប់បញ្ជារបស់ភ្នាក់ងារចារកិច្ចកូរ៉េខាងជើងលួចធ្វើឃាត។ ហើយនាពេលកន្លងមកលោក គីម ធ្លាប់បានចេញនិយាយជាសាធារណៈប្រឆាំងនឹងរបបដឹកនាំរបស់ត្រកូលគ្រួសាររបស់លោកនៅប្រទេសកូរ៉េខាងជើងផងដែរ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះ៕
ប្រភព ៖ យ៊ុនហាប់