(កំពង់ឆ្នាំង)៖ កូនក្រមុំរត់ចោលរោងការ ក្នុងថ្ងៃសូត្រមន្ត បានវិលត្រឡប់មកក្រាបសំពះសុំទោសម្តាយ និង ឪពុករបស់ខ្លួនវិញហើយ នៅថ្ងៃនេះ បន្ទាប់ពីកូនក្រមុំរូបនេះ បានគេចខ្លួនអស់រយៈពេល៣ថ្ងៃ ទៅ ជាមួយនឹងគូកំណាន់របស់ខ្លួន នាពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ។
ស្ត្រីឈ្មោះ ផាន់ សិរី អាយុ៣៩ឆ្នាំ ត្រូវជាម្តាយបានរៀបរាប់ឲ្យដឹងថា ក្រោយពីសារព័ត៌ក្នុងស្រុក បានចុះផ្សាយពីការបានខ្លួនកូនស្រី ជាកូនក្រមុំត្រៀមចូលរោងការនោះ កូនស្រីរបស់គាត់ បានត្រឡប់មកដល់ផ្ទះវិញហើយ បន្ទាប់ពីគាត់បានអំពាវនាវដល់កូនឲ្យត្រឡប់មកផ្ទះ ដោយមិនប្រកាន់ទោសពៃអ្វីទាំងអស់។ ស្ត្រីជាម្តាយបានប្រាប់ទៀតថា កាលពីថ្ងៃទី២៥ ខែមករា វេលាម៉ោងជាង៧ព្រឹក កូនស្រីរបស់គាត់បានមកក្រាបសុំទោស ពីកំហុសឆ្គងរបស់ខ្លួនដែលប្រព្រឹត្តខុស កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥កន្លងទៅ ដោយបានរត់ចោលរោងការ ។
នៅចំពោះមុខម្តាយ កញ្ញា សុខ សិរីវឌ្ឍន៍ កូនក្រមុំបានគេចខ្លួនថ្ងៃចូលរោងការនោះ បានក្រាបសំពះសុំទោស ដោយក្តីអាណិតមេត្តាពីម្តាយ និង ឪពុក អំពីទង្វើដែលមិនគួរ គប្បីធ្វើឲ្យញាតិផងគេស្តីថា ។ មូលហេតុដែលនាងរត់ចោលរោងការ គឺដោយសារតែនាងមានទំនាក់ទំនងស្នេហ៍ ជាមួយនឹងបុរសឈ្មោះ ទក នេះ ទើបនឹងបានរយៈពេលជាង១ខែប៉ុណ្ណោះ ហើយបានស្រឡាញ់គ្នា ហើយក៏បានសម្រេចចិត្តរត់ចោលរោងការតែម្តង ។
ក្នុងរយៈពេល៣ថ្ងៃ ដែលកូនស្រីរបស់គាត់ ដែលរត់ចោលរោងការនោះ គឺបានទៅជាមួយនឹងបុរសម្នាក់ ឈ្មោះ ទក ហៅយ៉ា ដែលជាអ្នកធ្វើការនៅរោងចក្រ អឹម និង វ៉េ ជាមួយគ្នា ដែលក្នុងអំឡុងពេលនោះនាង(កូនស្រី) បានទៅភ្នំពេញ ។ ម្តាយកូនក្រមុំបានប្រាប់ទៀតថា គាត់មិនប្តឹងផ្តល់ចំពោះបុរសឈ្មោះ ទក ហៅយ៉ា នោះទេ ដោយគ្រាន់តែសម្រុះសម្រួលគ្នា ឲ្យបុរសដែលនាំកូនស្រីចេញថ្លៃបណ្តាការ ដែលកូនកម្លោះប្រគល់ជូនគាត់ចំនួន ២០០០ដុលា្លរប៉ុណ្ណោះ ហើយនឹងរកពេលវេលាសមស្របណាមួយ ដើម្បីរៀបចំផ្សំផ្គុំ កូនស្រីរបស់គាត់ ជាមួយនឹងបុរសឈ្មោះ ទក ដែលនាំកូនគាត់ចេញពីរោងការ ។
ស្ត្រីជាម្ដាយបានបន្តទៀតថា ចំណែកឯភាគីកូនកំលោះ ដែលត្រៀមខ្លួនជាស្រេចសម្រាប់ចូលរោងការនោះ ក៏មិនបានប្តឹងផ្តល់អ្វីដែរ គ្រាន់តែទាមទារ នូវជំនូនបណ្តាការ ដែលប្រគល់ចំនួន២០០០ដុល្លារ តែប៉ុណ្ណោះ៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី