ព័ត៌មានអន្តរជាតិ ៖ កុមារជនភៀសខ្លួនដល់ទៅ ៩០០០នាក់ សេចក្តីរាយការណ៍បានគូសបញ្ជាក់ ឲ្យដឹងថា បានបាត់ខ្លួន បើចាប់គិតមកដល់ត្រឹមថ្ងៃទី ១ កក្កដា ២០១៦ នេះបើយោងតាមប្រភពពី ប៉ូលីសសហព័ន្ធអាល្លឹម៉ង់។ គួរបញ្ជាក់ថា តួរលេខកុមារជនភៀសខ្លួនបាត់ខ្លួនលើកនេះ គឺកើនឡើង ទ្វេដងបើធៀបទៅនឹងតួរលេខកាលពីដើមឆ្នាំ។
តួលេខផ្លូវការដែលបានចេញផ្សាយដោយ ប៉ូលីសសហព័ន្ធអាល្លឹម៉ង់ Germany's Federal Criminal Police Office (BKA) ក្រោយពីមានសំណើពីសារព័ត៌មានក្នុងស្រុក "Neue Osnabrücker Zeitung អោយដឹងថា ហោចណាស់ កុមារៗជនភៀសខ្លួនតិចបំផុត ៨៩៩១នាក់ ដែលមានអាយុក្រោម ១៧ ឆ្នាំនោះ គឺបានបាត់ទំនាក់ទំនងជាមួយនឹងអាជ្ញាធរក្នុងស្រុក ។ គួរបញ្ជាក់ថា កាលពីខែមករា ដើម ឆ្នាំ ២០១៦នេះ តួរលេខកុមារបាត់ខ្លួនមានត្រឹមតែ ៤៧៤៩នាក់តែប៉ុណ្ណោះ ខណៈភាគច្រើននៃកុមារ បាត់ខ្លួននោះ គឺមានវ័យជំទង់ និង ៨៦៧នាក់ គឺមានវ័យ ក្រោម ១៣ឆ្នាំ ។
អ្នកនាំពាក្យតំណាងឲ្យ BKA គូសបញ្ជាក់ឲ្យដឹងថា បើទោះបីជាមានការបាត់ខ្លួន កុមារជនភៀសខ្លួន ដ៏ច្រើនសន្ធឹក តែមិនបានន័យថា គ្រប់កុមារបាត់ខ្លួនទាំងអស់ធ្លាក់ចូលទៅក្នុងហានិភ័យគ្រោះថ្នាក់ នោះទេ ។ "មានករណីជាច្រើន ពាក់ព័ន្ធនឹងការបាត់ខ្លួន កុមារជនភៀសខ្លួន ដែលនៅក្នុងនោះ កុមារខ្លះ បានធ្វើដំណើរទៅជួបឪពុកម្តាយរបស់ពួកគេ សាច់ញ្ញាត្តិរបស់ពួកគេ ដែលមាននៅតាម បណ្តាទីក្រុងមួយចំនួនផ្សេងទៀត នៅក្នុងប្រទេសអាល្លឹម៉ង់ ខណៈមួយចំនួនបានត្រលប់មកវិញ និងមួយចំនួនទៀត មិនបានត្រលប់មកវិញ ស្របពេលដែល ពុំមានសេចក្តីរាយការណ៍ លម្អិតដល់ អាជ្ញាធរពីការពិតនៃកុមារបាត់ខ្លួន (ឈ្មោះ,អាយុ) ដែលមាននៅ database ជុំរុំជនភៀសខ្លួន នេះបើ យោង តាមសម្តីអ្នកនាំពាក្យ BKA គូសបញ្ជាក់ដល់ភ្នាក់ងារសារព័ត៌មាន ។
ច្រើនជាងនេះទៅទៀត ក៏មានបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងការចុះឈ្មោះ នៅពេលដែល កុមារភៀសខ្លួនត្រូវផ្លាស់ទីទៅកាន់តំបន់ផ្សេងទៀត ឬក៏បាត់ IDs ជាដើម ដែលនាំមកនូវ ការបាត់ បង់តួរលេខនៅទិន្នន័យដើម។ ស្រ្តីអ្នកនាំពាក្យ BKA ដដែល បន្តឲ្យដឹងថា ពួកយើងពុំមានភស្តុតាង ដែលថា កុមារបាត់ខ្លួនធ្លាក់ចូលទៅក្នុងដៃឧក្រិដ្ឋជនដែលនាំមកនូវហានិភ័យគ្រោះថ្នាក់ដល់ពួកគេ នោះទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ