CamNews

តារា 

សារ៉ាយ សក្ខណា ប្រឹង​ខ្លាំង​ពេក អត់​ដេក​អត់​​ពួន រហូត​ធ្លាក់​​ខ្លួន​ឈឺ

(ភ្នំពេញ)៖ តារាសម្ដែង​ដ៏ស្រស់សោភា អ្នកនាង សារ៉ាយ សក្ខណា ក្រោយពេលវិលត្រឡប់ មកស្រុកខ្មែរវិញភ្លាម ​នាងបានសម្រុកថតកុនដូចព្យុះ ទាំងយប់​ទាំងថ្ងៃ រកតែពេលសម្រាកគ្មាន រហូតដល់ធ្លាក់ខ្លួនឈឺ​ ដេកដួលជាប់នៅនឹងកន្ទេល ទើបតារាសម្ដែងស សារ៉ាយ សក្ខណា ឈប់សម្រាក ព្រោះតែអស់កម្លាំង​ខ្លាំងទៅមុខលែងរួច។

ជាការពិតតាំងពី តារាសម្ដែង សារ៉ាយ សក្ខណា មកដល់ប្រទេសកំណើត រយៈកាលប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញថា នាងមិនបានសម្រាកបន្តិចណាឡើយ មិនថា យប់ព្រលប់ ឬថ្ងៃក្ដៅហែង​យ៉ាងណា ក៏​នាង​មិនរារែកក្នុងអាជីពអ្នកសម្ដែង ខណៈដែលមានផលិតកម្ម ជាច្រើនបានទាក់ទងថតរឿង ព្រោះតែចង់​បាននាង​បង្ហាញខ្លួន ក្នុងរឿងរបស់ខ្លួន​ ពោលគឺ គ្រាន់តែត្រឡប់មកវិញ នាងទទួលរឿង​៤-៥ រឿងជាប់គ្នាឲ្យរដឹក ក្រៅពីនេះកម្មវិធីដើរ​ម៉ូដផ្សេងៗ​ ក៏មិនចោលដែរ។ វីឯការបង្ហាញខ្លួន តាមកញ្ចក់ទូរទស្សន៍នានាវិញ ​ក៏មិនឲ្យបាត់មុខឡើយ។

តារាសម្បុរស្រអែម​ សារ៉ាយ សក្ខណា ជាតារាពោរពេញទៅដោយសមត្ថភាព ក្រមិចក្រមើម ទើបផលិតករជាច្រើន ចង់បាន​នាង​មកសម្ដែងក្នុងរឿង ទោះបី​មាន​ប្ដីមានកូន នឹងចាកឆ្ងាយពីសិល្បៈ ក៏​នៅតែជាតម្រូវការខ្ពស់ ក្នុងវិស័យសម្ដែងនេះដែរ។ ដោយសារតែ សារ៉ាយ សក្ខណា ថតកុនរហូតទល់ភ្លឺ រួចសម្រាក​បានតិច​​តួច ព្រោះក្នុងពេល​២៤​ម៉ោងរបស់នាង ចាយទៅលើការងារច្រើនជាងអ្វីទាំងអស់ សូម្បីតែសុខភាព​ក៏មិនបានគិត ធ្វើឲ្យសុខភាពចុះ​ខ្សោយ អស់កំលាំងល្ហិតល្ហៃ ​ទីបំផុត​ធ្លាក់ខ្លួនឈឺ។

អ្នកនាង សារ៉ាយ សក្ខណា បានបង្ហោះ​ពីបណ្ដាញសង្គម Facebook របស់នាងផ្ទាល់ថា «ទីបំផុតឈឺ​បានសម្រេច បើដឹងឈឺ ពិបាកចឹងអត់​ឈឺ​​ទេ» ធ្វើឲ្យអ្នក​​គាំទ្រ​​ជាច្រើន ព្រួយ​បារម្ភ​ពីសុខទុក្ខតារាស្រីរូបនេះ ប៉ុន្តែពេលនេះនាងបានធូរស្បើយបន្តិចហើយ ព្រោះមានប្ដី​មើលថែ​ យ៉ាងយកចិត្តទុកដាក់ ។ តែទោះជាយ៉ាងណា សារ៉ាយ សក្ខណា ក៏គេចមិនរួច ពីការងារដែល​គរដូចភ្នំ កំពុងរង់ចាំនាងនោះឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Saray sakana