CamNews

យល់ដឹង 

ប្រការ​ដែល​បុរស​គួរ​យល់​ដឹង​ នៅ​ពេល​ណាត់​​ជួប​នារី​ជា​លើក​ដំបូង

បើទោះបីជាបច្ចុប្បន្ន ជាយុគសម័យអ៊ីនធើណែត ដែលផ្ដល់ភាពងាយស្រួល ដល់មនុស្សទាំងឡាយ​ ក្នុងការទាក់ទងគ្នាក្ដីប៉ុន្តែសម្រាប់ បុរសដែលចង់ណាត់ជួបនារីជាលើកដំបូង នៅតែជាបញ្ហាចោទ​ដដែល ព្រោះថាវាមិនមែនជារឿង ដែលងាយស្រួលនោះទេ។

ខាងក្រោមនេះគឺជាប្រការមួយចំនួន ដែលបុរសគួរតែយល់ដឹងនៅពេលណាត់ជួប នារីជាលើកដំបូង៖

០១) កន្លែងណាត់ជួប
នៅពេលដែលនារីបានយល់ព្រមជួបហើយ បុរសគួរតែជ្រើសរើសកន្លែង ណាត់ជួបណាដែល​សមរម្យ​ ដូច​ជានៅភោជ្ជនីយដ្ឋាន ព្រោះថា នារី មិនចង់ជួបគ្នាជាលើកដំបូង​ នៅកន្លែងផ្សេងក្រៅពីភោជនីយដ្ឋាន​ឡើយ ដូច្នេះហើយ បុរសគួរតែកក់តុឬកន្លែងណាមួយ នៅក្នុងភោជនីយដ្ឋានឲ្យហើយ ដើម្បី​កុំឲ្យការ​ណាត់ជួបខកបំណង។

០២) សម្លៀកបំពាក់
វាជារឿងដែលបុរសគ្រប់រូបត្រូវតែគិត និងយកចិត្តទុកដាក់បំផុត ព្រោះថាការណាត់ជួបជាលើកដំបូង នារីមិនចង់ជួបបុរសក្នុង សម្លៀកបំពាក់ មិនសមរម្យនោះទេ ប៉ុន្តែក៏ត្រូវគិតផងដែរថា សម្លៀកបំពាក់​ដែលយើងស្លៀក វាសមនឹងម៉ូដសក់ ស្បែកជើង និងទីកន្លែងអត់?

០៣) មិនត្រូវជូនកាដូ ឬផ្កា
នៅថ្ងៃណាត់ជួបនារីជាលើកដំបូង គប្បីមិនត្រូវជួនកាដូ ឬផ្កាឡើយ ព្រោះថាវាមិនមែនជារឿងល្អ និង​សាកសមនោះទេម្យ៉ាងទៀត ការជូនកាដូ ឬផ្កាឲ្យនាងនៅថ្ងៃណាត់ជួបដំបូង វាអាចក្លាយជាចម្ងល់​មួយ​ធ្វើឲ្យនាងយល់ច្រឡំទៅលើរឿងផ្សេង។

០៤) សរសើរ និងបង្កើតទំនាក់ទំនង
កុំភ្លេចឲ្យសោះ នៅពេលជួបមុខនាងដំបូង ត្រូវសរសើរនាងថាស្អាត ហើយបើសិនជាអាច ត្រូវចេះរកនឹង​ពាក្យសម្រាប់សរសើរផង ដូចជា នៅពេលស្លៀកបែបនេះ នាងពិតជាស្អាតមែន ឬសម្លៀកបំពាក់នេះ សាកសមនឹងរូបសម្រស់របស់នាង…។ ក្រោយពេល សរសើររួចហើយ ត្រូវប្រើពាក្យផ្ដោះផ្ដងជាមួយនាង តាមរយៈពាក្យសំដី និងអារម្មណ៍ ប៉ុន្តែមិនត្រូវនិយាយច្រើនជាងនាងនោះទេ ព្រោះថានារីមិនចូលចិត្ត​បុរសនិយាយច្រើនទេ ប៉ុន្តែអ្វីដែលសំខាន់គឺត្រូវសំឡឹងមើលកែវភ្នែករបស់នាងឲ្យបានច្រើន និងសំឡឹង​ដោយយកចិត្តទុកដាក់ ក្នុងលក្ខណៈចាប់អារម្មណ៍ទៅលើនាង។

០៥) ទុកទូរស័ព្ទចោលមួយឡែកសិន
ច្បាស់ណាស់សម័យនេះ ទូរស័ព្ទដៃវាបានក្លាយជាវត្ថុដែលជិតស្និទ្ធបំផុតនឹងមនុស្ស ប៉ុន្តែនៅថ្ងៃណាត់ជួប​ដំបូងគួរតែទុកវាចោល មួយឡែក ព្រោះថាបើសិនជាអ្នករវល់តែលេងទូរស័ព្ទនោះវានឹងធ្វើឲ្យការណាត់ជួបរបស់អ្នកបរាជ័យ អ្វីដែលអ្នកត្រូវយកចិត្តទុកដាក់ នោះគឺនារីដែលនៅចំពោះ​មុខអ្នក មិនមែនទូរស័ព្ទនោះទេ។

០៦) ពាក្យដែលមិនគួរនិយាយ
ក្រោយពេលការណាត់ជួបចប់ អ្នកមិនត្រូវប្រើពាក្យថា តើពេលណាយើងអាចជួបណាម្ដងទៀត? ពាក្យនេះត្រូវបានគេប្រើយ៉ាងសាំ ហើយនារីប្រាកដជាឆ្លើយវិញថា ចាំគិតមើលសិន…ផ្ទុយទៅវិញ​អ្នក​គួរតែប្រើពាក្យថា សង្ឃឹមថា យើងនឹងបានជួបគ្នាម្ដងទៀតនៅក្នុង ពេលឆាប់ៗនេះ…ពាក្យនេះ នឹងធ្វើឲ្យ​នាងញញឹម ហើយដើរចេញទាំងទឹកមុខរីករាយ ហើយមិនយូរនោះទេ លោក និងនាង នឹងបានជួបគ្នា​ម្ដងទៀត…៕



Tags: date girl