(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ (Rodrigo Duterte) បានថ្លែងថា លោកទទួលបានការគំាទ្រពីសំណាក់ប្រទេស ចិន និង រុស្ស៊ី នៅពេលដែលលោកបានត្អូញត្អែ ប្រាប់ពួកគេ ពីបញ្ហារវាងសហរដ្ឋអាមេរិក ខណៈរូប លោកផ្ទាល់ធ្លាប់បានបង្ហាញពីចេតនាបង្កើត សម្ព័ន្ធភាពថ្មីមួយជាមួយនឹងទីក្រុងប៉េកំាង និង ទីក្រុងមូស្គូ។ នេះ បើតាមការចុះផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងសុន្ទរកថាមួយ លោក Duterte បាននិយាយថា នៅក្នុងជំនួបនៃកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឡាវ កាលពីខែមុន នាយករដ្ឋមន្រ្តីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវេដេវ បានឯកភាពនឹងលោក នៅពេលដែលលោកជេរប្រមាជសហរដ្ឋអាមេរិក។ «ខ្ញុំបានជួបលោក ម៉េដវេដេវ។ ខ្ញុំនឹងប្រាប់អ្នក នៅពេលនេះ ។ ខ្ញុំបានប្រាប់គាត់ថា នេះគឺជាស្ថានភាពមួយ ដែលពួកគេ (សហរដ្ឋអាមេរិក) បានផ្ដល់ពេលវេលាដ៏លំបាក សម្រាប់ខ្ញុំ ពួកគេមិនបានគោរពខ្ញុំឡើយ ហើយពួកគេក៏មិនចេះ ខ្មាស់អៀនដែរ ដែលទំាងនេះហើយជាធាតុពិត របស់សហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា ក្រុមមន្ត្រីហ្វីលីពីនមួយចំនួន បានប្រាប់សារព័ត៌មាន Reuters ថា ក្រុមពាណិជ្ជករ ហ្វីលីពីននឹង អមដំណើរលោក Duterte ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកំាង ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា នេះ ដែលវានឹងអាចជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី យ៉ាងច្បាស់លាស់ ថាហ្វីលីពីន កំពុងព្យាយាមងាកទៅរកចិន ដែលធ្លាប់មានជម្លោះខ្លាំងលើបញ្ហាសមុទ្រចិនខាងត្បូង៕
ប្រភព ៖ CNA