ប្រហែលជាឆ្នាំម្សាញ់ គឺជាឆ្នាំអាក្រក់សម្រាប់ស្ដ្រីត្រកូល Liu ម្នាក់នេះ នៅពេលពស់មួយក្បាលដែលត្រូវបានត្រាំក្នុងស្រា អស់រយៈពេលដល់ទៅ ៣ខែ បែរជាអាចងើបក្បាលឡើង ហើយបានវាយ ប្រហារលើស្ដ្រីរូបនេះ។
ការរស់រាន មានជីវិតមួយរយៈពេលខ្លីនៅក្នុងស្រា គឺពិតជាអស្ចារ្យចំពោះសត្វពស់ ប៉ុន្ដែ ការបន្ដមានជីវិតដល់ទៅ ៣ខែ ហើយអាចមានកម្លាំងគ្រប់គ្រាន់ក្នុងការវាយប្រហារមនុស្ស ដូចករណីដែលបានកើតឡើងនៅប្រទេសចិន ថ្មីៗនេះ ប្រាកដជាធ្វើឱ្យមនុស្សទាំងឡាយ មានការភ្ញាក់ផ្អើល។
ទំព័រ China Daily បានឱ្យដឹងថា កាលពីថ្ងៃទី ៣ខែកញ្ញាកន្លងទៅ ស្ដ្រីម្នាក់មានត្រកូល Liu រស់នៅក្នុងក្រុង Shuangcheng នៃខេត្រ Heilongjiang ប្រទេសចិន ត្រូវបានពស់ដែលត្រាំក្នុងស្រា ចិកចំដៃ។ ការដែលត្រូវបានពស់ចិក ប្រហែលជាមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ ប្រសិនពស់នោះកំពុងស្ថិតនៅខាងក្រៅដូចធម្មតា ប៉ុន្ដែនេះវាត្រូវបានគេត្រាំនៅក្នុងក្រឡស្រា អស់ជាច្រើនខែ។
ស្រាថ្នាំដែលត្រាំសត្វពស់ គឺជាប្រភេទស្រាដែលត្រូវបានគេនិយមច្រើន នៅប្រទេសចិន
ប្រភពព័ត៌មានឱ្យដឹងថា អ្នកស្រី Liu បានទិញពស់នេះមកត្រាំស្រា កាលពីខែមិថុនា ដើម្បីធ្វើជាថ្នាំព្យាបាលជម្ងឺសន្លាក់។ ក្នុងថ្ងៃកើតហេតុ ខណៈដែលអ្នកស្រីកំពុងតែចាក់ស្រាបន្ថែមចូលក្នុងក្រឡ ក៏ស្រាប់តែពស់ដែលបានដាក់ត្រាំក្នុងនោះ ងើបក្បាលឡើង ខាំចំដៃតែម្ដង។ ប្រការនេះ មានន័យថា ពស់នោះនៅមានជីវិតនៅឡើយ បើទោះត្រូវបានត្រាំក្នុងស្រា អស់រយៈពេល ៣ខែកន្លងមកក៏ដោយ។
ក្រោយពីត្រូវពស់ខាំភ្លាម អ្នកស្រី Liu ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្ដែ គ្រូពេទ្យឱ្យដឹងថា របួសនេះមិនធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតនោះទេ។
គួររំឭកថា កាលពីឆ្នាំ ២០០៩ នៅខេត្រ Hubei ប្រទេសចិន ក៏មានករណីស្រដៀងគ្នានេះកើតឡើង។ លោក Zhang ត្រូវបានពស់ដែលត្រាំនៅក្នុងស្រា ខាំ ប៉ុន្ដែរបួសមិនធ្ងន់ធ្ងរដូចករណីរបស់មនុស្សម្នាក់ផ្សេងទៀត រស់នៅក្នុងខេត្រ Guangxi កាលពីខែមេសា ឆ្នាំ ២០១។ ជនរងគ្រោះម្នាក់នេះ បានបាត់បង់ជីវិត ក្រោយពីត្រូវពស់ដែលត្រាំក្នុងស្រាខាំបានមួយថ្ងៃ។
ដោយ ៖ តារា
ប្រភព ៖ China Daily/globaltimes