(តូក្យូ)៖ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នឹងបំពេញទស្សនកិច្ច ក្នុងនាមជាមេដឹកនាំកំពូល អាមេរិកទី១ ទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន នៅចុងខែឧសភា ខាងមុខនេះជាលើកដំបូង បន្ទាប់ពីការទម្លាក់គ្រាប់បែកបរមាណូ កាលពី ៧១ឆ្នាំមុន ដែលបានសម្លាប់ប្រជាជនជប៉ុន រាប់សែននាក់។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយ Channel News Asia នារសៀលថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០១៦។
កាសែតជប៉ុនមួយឈ្មោះ Nikkei បានចេញផ្សាយព័ត៌មានខាងលើនេះ ប៉ុន្តែមិនបានបង្ហើបឈ្មោះមន្ត្រី ដែលផ្តល់ព័ត៌មាននេះឡើយ។ សម្រាប់កិច្ចប្រជុំកំពូលមួយ ក៏នឹងធ្វើឡើងផងដែរនៅប្រទេសជប៉ុន នាអំឡុងចុងខែឧសភា ដែលក្នុងនោះ គឺសហរដ្ឋអាមេរិក នឹងមានវត្តមានចូលរួម។
យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគបានលើកឡើងថា ប្រសិនបើទស្សនកិច្ចរបស់លោក អូបាម៉ា ទៅកាន់តំបន់ខាងលើនេះ គឺធ្វើឡើងក្នុងន័យសូមទោស ទង្វើកាលពីអតីតកាលរបស់អាមេរិកនោះ ផ្ទៃក្នុងអាមេរិកផ្ទាល់ នឹងជួបប្រទះបញ្ហា ហើយបញ្ហានោះ គឺជាការតវ៉ាដែលនឹងអាចកើតមានឡើង។
គួរបញ្ជាក់ប្រជាជន អាមេរិកភាគច្រើន បានយល់ថាការទម្លាក់គ្រាប់បែកបរមាណូ របស់អាមេរិក លើទីក្រុង ហ៊ីរ៉ូស៊ីម៉ា និង ណាហ្គាសាស៊ី គឺជារឿងត្រឹមត្រូវកាលពី ៧១ឆ្នាំមុននោះ ព្រោះថា វាបានបញ្ចប់សង្គ្រាមអូសបន្លាយ និងរក្សាជីវិតប្រជាជាតិអាមេរិក មកដល់បច្ចុប្បន្ននេះ។ ក៏ប៉ុន្តែប្រជាជន ភាគច្រើនដូចគ្នា បានគិតថាវាជារឿងអាក្រក់សម្រាប់ជប៉ុន ដែលជាជនរងគ្រោះ៕
ប្រភព ៖ CNA
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង