(ហ្វីលីពីន)៖ ការប្រកួតក្របខណ្ឌពានរង្វាន់ AFF Suzuki Cup 2016 ពូលA បានបញ្ចប់ហើយ ដោយក្រុមការពារតំណែងជើងឯកថៃ និងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បានដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះលើគូប្រកួតរៀងៗខ្លួន ក្នុងការប្រកួតដ៏ស្វិតស្វាញចុងក្រោយនៅលើទឹកដីហ្វីលីពីននាយប់ថ្ងៃទី២៥ ខែវិច្ឆិកានេះ។
សម្រាប់ក្រុមការពារតំណែងជើងឯកថៃ បានធ្វើឲ្យក្រុមម្ចាស់ផ្ទះហ្វីលីពីន ខកចិត្តជាខ្លាំង ក្រោយយកឈ្នះក្នុងលទ្ធផល ១-០ មុននេះ ដែលធ្វើឲ្យហ្វីលីពីន អស់ឱកាសឡើងវគ្គបន្ដទាំងសោកស្ដាយបំផុតជាមួយនឹងលទ្ធផល ៣ប្រកួតស្មើ២ និងចាញ់១ មាន ២ពិន្ទុ។ រីឯក្រុមដំរីសឹកថៃ បានឈរកំពូលតារាងមាន ៩ពិន្ទុពេញ បន្ទាប់ពីទទួលបានជ័យជម្នះ ៣ប្រកួតជាប់គ្នាក្នុងយុទ្ធនាកានេះ។
ចំណែកការប្រកួតដ៏តានតឹងរវាងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី និងសិង្ហបុរី គឺសឹងតែធ្វើឲ្យគណៈកម្មការពិបាកបូកដកគ្រាប់រកក្រុមឡើងវគ្គបន្ដទៅហើយ ប៉ុន្ដែនៅចុងម៉ោងកីឡាករឥណ្ឌូនេស៊ី បានបំប៉ោងសំណាញ់ទីសិង្ហបុរី ១គ្រាប់ ដើម្បីបញ្ចប់ក្ដីសង្ឃឹមសិង្ហបុរីតែម្ដង។
ការប្រកួតនេះ គឺសិង្ហបុរី ជាអ្នករកបានគ្រាប់បាល់នាំមុខមុន នៅតង់ទី១ ដែលធ្វើសម្រេចដោយកីឡាករ Khairul Amri នៅនាទីទី២៧ និងមានឱកាសជាច្រើនលើកទៀត តែធ្វើមិនបានសម្រេច។
ប៉ុន្ដែក្រោយមានគ្រាប់បាល់នាំមុខបែបនេះ ក្រុមឥណ្ឌូនេស៊ី ក៏បានព្យាយាមវាយបកវិញជាបន្ដបន្ទាប់ រហូតដល់នាទីទី៦២ កីឡាករ Andik Vermansyah បានជួយក្រុមឥណ្ឌូនេស៊ី តាមស្មើសិង្ហបុរី ១-១ ហើយការប្រកួតក៏កាន់តែតានតឹង ស្របពេលក្រុមទាំងពីរព្យាយាមស្វែងរកគ្រាប់បាល់បន្ថែមរៀងៗខ្លួន។ លុះឈានដល់នាទីទី៨៥ ក្ដីសង្ឃឹមរបស់ក្រុមសិង្ហបុរីក៏ត្រូវបញ្ចប់ បន្ទាប់ពីកីឡាករ Stefano Lilipaly ទាត់បំប៉ោងសំណាញ់ទីក្រុមសិង្ហបុរីយ៉ាងល្អ ដើម្បីជួយឥណ្ឌូនេស៊ី យកឈ្នះសិង្ហបុរី ២-១ និងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែម្ដង។
គួរបញ្ជាក់ថា ពេលនេះក្រុមការពារតំណែងជើងឯកថៃ និងឥណ្ឌូនេស៊ី គឺបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពាន AFF Suzuki Cup 2016 ក្នុងនាមជាក្រុមខ្លាំងប្រចាំពូលA ហើយត្រូវរង់ចាំក្រុមខ្លាំងពីពូលB ដែលនឹងត្រូវប្រកួតផ្ដាច់ព្រ័ត្រនាថ្ងៃស្អែក ប៉ុន្ដែក្រុមវៀតណាម បានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៅហើយ ដោយរង់ចាំតែប្រកួតបង្គ្រប់កិច្ចជាមួយក្រុមគោព្រៃកម្ពុជា។ ប៉ុន្ដែអ្វីដែលគួរឲ្យចង់ដឹងនោះ គឺក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ប៉ះម៉ាឡេស៊ី ដែលជាជំនួបដ៏សំខាន់ ព្រោះទាំងពីរត្រូវប្រជែងកៅអីវគ្គបន្ដ ខណៈបច្ចុប្បន្នក្រុមទាំងពីរមាន ៣ពិន្ទុស្មើគ្នា៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង