ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី
(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នាវេលាម៉ោង ៣៖៣០នាទីរសៀលនេះ នៅកីឡដ្ឋាន Thuwunna នៃទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា ដែលជាជំនួបបើកឆាកពូលB រៀងៗខ្លួន នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ AFF Suzuki Cup 2016 ហើយក៏មានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ ។
អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាលោក ឆាំង ពិសិដ្ឋ បានចាត់ទុកម៉ាឡេស៊ី គឺជាដៃគូស្រួលជាងគេក្នុងចំណោម ៣ក្រុម(ម៉ាឡេស៊ី-វៀតណាម-មីយ៉ាន់ម៉ា) ដែលត្រូវប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងពូលB ដោយសារក្រុមនេះមានសមត្ថភាពប្រហាក់ប្រហែលនឹងកម្ពុជា ។ ប៉ុន្ដែបើករំឮកពីប្រវត្តិជួបគ្នាចាប់ពីឆ្នាំ២០០០ ដល់ទល់បច្ចុប្បន្ន កម្ពុជា ពុំធ្លាប់ឈ្នះម៉ាឡេស៊ីឡើយ ខណៈប្រកួតចុងក្រោយម្ចាស់ផ្ទះម៉ាឡេស៊ី យកឈ្នះក្នុងជំនួបមិត្តភាព ៤-១ ។
ប៉ុន្ដែអ្នកជំនាញ និងវេបសាយកីឡាអន្ដរជាតិជាច្រើនបានចាប់អារម្មណ៍ ចំពោះដំណើរចូលរួមប្រកួតវគ្គចែកពូលពាន AFF Suzuki Cup 2016 របស់ក្រុមគោព្រៃកម្ពុជា ដោយមើលឃើញពីភាពរីកចម្រើន និងប្រែប្រួលគួរឲ្យកត់សម្គាល់ ដែលក្រុមម៉ាឡេស៊ីមិនអាចមើលងាយកម្ពុជាបានឡើយ សម្រាប់ជំនួបល្ងាចនេះ ។ បច្ចុប្បន្នគេបានចាត់ទុកកម្ពុជា គឺជាក្រុមល្អមួយ ដោយសារមានកីឡាករមានទេពកោសល្យល្អៗច្រើន ហើយថែមទាំងមានគ្រូបង្វឹកមានសមត្ថភាពថែមទៀត ។
តែយ៉ាងណាលោក Ong Kim Swee គ្រូបង្វឹកក្រុមម៉ាឡេស៊ី ហាក់មិនមានការភ័យខ្លាចបាត់បង់ពិន្ទុ ចំពោះជំនួបបើកឆាកជាមួយកម្ពុជាល្ងាចនេះឡើយ ដោយសារលោកមិនឃើញពីចំណុចខ្លាំងរបស់កម្ពុជា ។ លើសពីនេះលោកបានកំណត់គោលដៅយកឈ្នះក្នុងវគ្គសន្សំពិន្ទុក្នុងពូល ដើម្បីឈានទៅគ្រងតំណែងជើងឯកថ្មី ដូចកាលពីឆ្នាំ២០១០ ទៀតផង ។
គួរបញ្ជាក់ថា នៅល្ងាចនេះដែរ បន្ទាប់ពីក្រុមគោព្រៃកម្ពុជា បញ្ចប់ការប្រកួតជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីហើយ ក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ក៏ត្រូវបើកកីឡដ្ឋាន Thuwunna ទទួលក្រុមខ្លាំងវៀតណាម នាវេលាម៉ោង ៦៖៣០នាទីល្ងាច ដើម្បីស្វែងរក ៣ពិន្ទុដំបូងពីការប្រកួតបើកឆាកពូល B ដូចគ្នាផងដែរ ។ ចំណែកកម្មវិធីប្រកួតបន្ទាប់របស់ក្រុមគោព្រៃកម្ពុជា គឺត្រូវជួបក្រុមជម្រើសជាតិវៀតណាម នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ៕