(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា នឹងប្រកួតសមជើងជាមួយក្រុមជម្រើសជាតិក្រោមអាយុ ២២ឆ្នាំ(U-22)សិង្ហបុរី នៅលើទឹកដីសិង្ហបុរី នាវេលាម៉ោង ៥ល្ងាចនេះ(ម៉ោងនៅសិង្ហបុរី) ដើម្បីជាដកស្រង់បច្ចេកទេសត្រៀមការប្រកួតពានរង្វាន់ AFF Suzuki Cup 2016 វគ្គចែកពូលនៅមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២០-២៦ ខែវិច្ឆិកានេះ ។
លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានឲ្យដឹងថា ល្ងាចនេះគឺជាការប្រកួតដកស្រង់បច្ចេកទេសមួយ ប៉ុន្ដែនៅថ្ងៃទី១៣ ខែវិច្ឆិកាស្អែកនេះ ទើបក្រុមគោព្រៃកម្ពុជា ត្រូវជួបប្រកួតមិត្តភាពអន្ដរជាតិផ្លូវការជាមួយក្រុមម្ចាស់ផ្ទះសិង្ហបុរី(ក្រុមធំ) ដើម្បីវាស់ស្ទង់ និងបង្កើននូវសមត្ថភាពកីឡាករកម្ពុជា ។
គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការប្រកួតមិត្តភាពទាំង ២ប្រកួតនៅលើទឹកដីសិង្ហបុរីហើយនោះ នៅថ្ងៃទី១៥ ខែវិច្ឆិកាដើមសប្ដាហ៍ក្រោយ ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរទៅមីយ៉ាន់ម៉ាតែម្ដង ដើម្បីហ្វឹកហាត់ត្រៀមការប្រកួតផ្លូវការនៅទីនោះ ហើយគូប្រកួតក្នុងពូលB នៃពាន AFF Suzuki Cup 2016 របស់កម្ពុជា គឺមានក្រុមជម្រើសជាតិម្ចាស់ផ្ទះមីយ៉ាន់ម៉ា វៀតណាម និងក្រុមជម្រើសជាតិម៉ាឡេស៊ី ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង