CamNews

ព័ត៌មានអន្តរជាតិ 

ចូរប្រុង​ប្រយ័ត្ន! អាជ្ញាធរវៀតណាម ទើបរកឃើញផលិតផលទឹកត្រីក្នុងស្រុក ផ្ទុកសារធាតុគ្រោះថ្នាក់កម្រិតខ្ពស់

(ហាណូយ)៖ យោងតាមសារព័ត៌មានវៀតណាម VBN ចេញផ្សាយនៅល្ងាចថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១៦ នេះថា ក្រុមអ្នកគាំពារសិទ្ធិអតិថិជន បានធ្វើការត្រួតពិនិត្យនូវគំរូផលិតផល ទឹកត្រីចំនួន ១៥០ប្រភេទ មកពីផលិតរបស់វៀតណាម និងថៃ សរុប៨៨ម៉ាក ហើយក្នុងនោះ ៦៧ភាគរយ​ នៃផលិតផលទាំងអស់ត្រូវបានគេរកឃើញថា បានផ្ទុកសារធាតុ «អាក់សេនិច» (Arsenic) ក្នុងកម្រិតខ្ពស់មួយ។

សមាគមស្តង់ដារ និងអ្នកប្រើប្រាស់វៀតណាម ត្រូវបានណែនាំឲ្យមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត​ជុំវិញផលិតផលទឹកត្រីជាច្រើនប្រភេទ ដែលពលរដ្ឋវៀតណាម​កំពុងពេញនិយម ដោយក្នុងនោះ គេបានរកឃើញថា ក្នុងចំណោម ១០១ លើ ១៥០ នៃគំរូផលិតផលទឹកត្រីនៅលើទីផ្សារវៀតណាម បានផ្ទុកសារធាតុអាក់សេនិច ដល់កម្រិតសុវត្ថិភាព (មួយមីលីក្រាមក្នុងមួយលីត្រ) ហើយក្នុង​ចំណោមនោះទៀត គឺបានផ្ទុកសារធាតុបំពុលសុខភាពនេះ លើសកម្រិតគ្រោះថ្នាក់រហូតដល់ទៅ ៥ដងឯណោះ។

លោក Vu Van Dien អនុប្រធានសមាគមខាងលើនេះ បានលើកឡើងថា សមាគមត្រូវការការសិក្សា និងត្រួតពិនិត្យបន្ថែមទៀត នៅក្នុងនោះក៏មានការយកផលិតម៉ាកផ្សេងៗទៀត​មកពិនិត្យផងដែរ។ សម្រាប់សារធាតុអាក់សេនិក​នេះដែរ គឺជាត្រូវគេស្គាល់ថាជាសារធាតុពុល ឬ carcinogen ដែលនឹងបង្កគ្រោះថ្នាក់ដល់សុខភាពក្នុងរយៈពេលយូរ។

គួរបញ្ជាក់ថា ការផលិតផលទឹកត្រីត្រូវបានផលិតឡើង​ដោយផ្ទុកសារជាតិ​ប្រូតេអ៊ីនកម្រិតខ្ពស់ ហើយដោយសារតែការផលិត​មិនត្រឹមត្រូវ ទើបមិនអាចលុបបំបាត់សារធាតុ​អាក់សេនិច​ចេញបាន។ ការត្រួតពិនិត្យខាងលើនេះ ត្រូវបានធ្វើឡើងទៅលើ​ម៉ាកផលិតផលទឹកត្រី​ចំនួន៨៨ ក្នុងនោះមានផលិត​មួយម៉ាក ត្រូវបាននាំចូល​ពីប្រទេសថៃ។ ផលិតទាំងឡាយខាងលើនេះ ត្រូវបាន​ចែកចាយ​នៅក្នុងខេត្ត និងទីក្រុងចំនួន១៩ ទូទាំងប្រទេសវៀតណាម៕


ផ្តល់សិទ្ធិដោយ ៖​ ហ្រ្វេសញ៉ូវអាសុី 


Tags: Vietnames