(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានចាប់ផ្ដើមពិធីកាន់ទុក្ខ រយៈពេលបីថ្ងៃជាកិច្ចគោរពវិញ្ញាណក្ខន្ធ អតីតប្រធានាធិបតីគុយបា លោក ហ្វីឌែល កាស្ត្រូ ដែលបានទទួលមរណៈភាពក្នុងវ័យ ៩០ឆ្នាំកាលពីថ្ងៃសុក្រ កន្លងទៅនេះ (ម៉ោងនៅទីក្រុងឡាហាវ៉ាន់)។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ រដ្ឋទីក្រុងព្យុងយ៉ាងដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងត្បូងយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោងតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun ការសម្រេចចិត្តរៀបចំពិធីកាន់ទុក្ខនេះ ធ្វើឡើង ដោយរដ្ឋាភិបាលនិងសភាកំពូល នៃប្រទេសកូរ៉េខាងជើង តាមរយៈការបង្ហូតទង់ជាតិ ត្រឹមពាក់កណ្ដាលដង ដើម្បីគោរពដល់វិញ្ញាណក្ខន្ធ លោក កាស្ត្រូ ដែលត្រូវបាន លោក គីម ជុងអ៊ុន ផ្ទាល់ចាត់ទុកថា ជាមហាមិត្ត របស់កូរ៉េខាងជើង ដែលបានពង្រឹងនិងពង្រីកទំនាក់ទំនង រវាងប្រជាជាតិទំាងពីរកន្លងមក។
គួររំឭកថា លោក កាស្រ្ដូ បានដឹកនាំប្រទេសគុយបា អស់រយៈពេលជាង ៥០ឆ្នាំមុននឹងលោកផ្ទេរតំណែង ទៅឲ្យប្អូនប្រុសរបស់លោក គឺលោក រ៉ូល កាស្ត្រូ នៅឆ្នាំ២០០៨ ក្រោមហេតុផលសុខភាព។ បណ្តាមេដឹកនាំប្រទេសធំៗ នៅលើលោកដូចជា អាមេរិក រុស្ស៊ី និងចិនជាដើម សុទ្ធតែបានថ្លែងសារសម្តែងនូវសមានទុក្ខ ប៉ុន្តែមានតែកូរ៉េខាងជើងប៉ុណ្ណោះ ដែលបានសម្តែងនូវសមានទុក្ខផង និងបានប្រកាសកាន់ទុក្ខបីថ្ងៃទៀតផង៕