CamNews

ព័ត៌មានអន្តរជាតិ 

ISIS គំរាម​វាយប្រហារ​ចក្រភព​អង់គ្លេស ក្រោយពេល​សង​សឹក​ប៊ែលហ្សិក បានសម្រេច

(​ស៊ី​រី​)៖ យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន Daily Mail នៅ​ព្រឹក​ថ្ងៃនេះ បានឲ្យដឹងថា ក្រុម​ឧទ្ទាម ISIS បាន​គំរាម​វាយប្រហារ​ចក្រភព​អង់គ្លេស ក្រោម​ពាក្យស្លោក​ថា «​ទុក្ខវេទនា និង​ភាពជូរចត់​កាន់តែ​ច្រើន​ជាង​មុខ​» ដែល​ការ​គំរាម​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពេល​ប្រកាស​ទទួលស្គាល់​ថា ការវាយប្រហារ​នៅ​កណ្ដាល​ទីក្រុង​ព្រុច​សែ​ល ជា​ទង្វើ​របស់​ខ្លួន​។​

​ក្រុម ISIS ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការវាយប្រហារ​នៅ​កណ្ដាល​ទីក្រុង​ព្រុច​សែ​ល ប្រទេស​ប៊ែលហ្សិក គឺជា​ការ​សងសឹក ដល់​ប្រទេស​មួយ​នេះ បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​ប៊ែលហ្សិក ចាប់​បញ្ជូន​សកម្ម​យុទ្ធ ISIS ដែល​មានឈ្មោះ​ថា Salah Abdeslam ជា​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​វាយប្រហារ​កណ្ដាល​ទីក្រុង​បារី​ស កាល​ពី​កន្លងទៅ​។​

​ក្រោយពី​កើតមាន​ករណី​វាយប្រហារ​ដ៏​សាហាវ​នេះ កងកម្លាំង​ពិសេស​ប៊ែលហ្សិក ចាប់ផ្ដើម​ធ្វើ​ការឆែកឆេ​តាម​លំនៅដ្ឋាន​ជា​ច្រើន​ជុំវិញ​ទីក្រុង​ព្រុច​សែ​ល ដោយ​បាន​រកឃើញ​គ្រាប់បែក និង​ឧបករណ៍​ផលិត​គ្រាប់បែក​ជាច្រើន ក្នុងនោះ​ក៏​មាន​ទង់ជាតិ​របស់ ISIS ផងដែរ ហើយ​ភ្នាក់ងារ​សម្ងាត់​ប៊ែលហ្សិក ក៏​បាន​បញ្ជាក់ថា ករណី​បំផ្ទុះ​គ្រាប់បែក​នេះ​គ៏មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជន​សង្ស័យ Salah Abdeslam ផងដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​មីនា​ម្សិលមិញ​នេះ មាន​ករណី​បំផ្ទុះ​គ្រាប់​ចំនួន​៣​ដង ដោយ​ពីរដង​នៅ​ក្នុង​ព្រលាន​យន្តហោះ​ក្នុង​ទីក្រុង​ព្រុច​សែ​ល និង​ប៉ុន្មាន​នាទី​ក្រោយមក​ក៏​មាន​ករណី​ផ្ទុះ​មួយទៀត​នៅ​ចំណត​រថភ្លើង​ក្រោម​ដី ដោយ​បាន​សម្លាប់​មនុស្ស ៣៤​នាក់ និង​របួស​ជាង​១០០​នាក់​៕​



 

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី



Tags: bomb attack airport Brussels Belgian