CamNews

ព័ត៌មានអន្តរជាតិ 

ពីឡុតចិន ១រូបទទួលរង្វាន់លើកទឹកចិត្ត លុយជិតកន្លះលានដុល្លារ ដោយសារតែបញ្ជៀសការបុកគ្នាក្នុងព្រលានយន្តហោះ

(ប៉េកាំង)៖ ពីឡុតជនជាតិចិនមួយរូបទទួលបានរង្វាន់លើកទឹកចិត្ត សម្រាប់ជោគជ័យរបស់លោក ក្នុងការបញ្ជៀសការប៉ះទង្គិចគ្នាមួយ រវាងយន្តហោះពីរគ្រឿងដែលស្ទើរតែនឹងបានកើតឡើងទៅហើយនោះ នៅឯអាកាសយានដ្ឋាន Hongiao ក្នុងទីក្រុង Shainghai ប្រទេសចិន កាលពីខែតុលាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រលប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក He Chao ដែលជាពីឡុតយន្តហោះ A320 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern ត្រូវបានប្រគល់ជូនរង្វាន់ជាសាច់ប្រាក់ចំនួន ៣លានយ័នដែលស្មើនឹង៤៤៤,៥០០ដុល្លារអាមេរិកពីក្រុមហ៊ុន ហើយសហសេវិករបស់យន្តហោះនោះក៏ទទួលបានទឹកប្រាក់ចំនួន៦០០,០០០យ័ន (ជិត៩ម៉ឺនដុល្លារ) ផងដែរ នៅថ្ងៃព្រហស្បតិ៍នេះ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១១ ខែតុលា នៅពេលដែលយន្តហោះ A320 បម្រុងនឹងធ្វើការហោះហើរចាកចេញពីអាកាសយានដ្ឋាន Hongiao ក៏ស្រាប់តែ មានយន្តហោះ A330 មួយគ្រឿងផ្សេងទៀតបានឆ្លងកាត់ពីមុខនៅលើផ្លូវធ្វើដំណើរតែមួយ ហើយខណៈពេលនោះដោយសារលោក Chao អាចរកដំណោះស្រាយបានយ៉ាងឆាប់រហ័ស ក៏បានសម្រេចចិត្តធ្វើការហោះឡើងជាបន្ទាន់ ដើម្បីបញ្ជៀសការបុកគ្នាដែលអាចនឹង ឆក់យកជីវិតមនុស្សរាប់រយនាក់ នៅលើយន្តហោះដឹកអ្នកដំណើរទាំងពីរនោះ។

ជាមួយគ្នានេះដែរ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញនៅរយៈពេល១០ថ្ងៃក្រោយ រដ្ឋបាលអាកាចរណ៍ស៊ីវិល នៃប្រទេសចិន បានអះអាងថា ហេតុការណ៍នោះបានបង្កឡើងដោយសារតែកំហុសមកពីខាងស្ថានីយ៍គ្រប់ការហោះហើរ ហើយបុគ្គលិកចំនួន១៣នាក់ បានទទួលរងការពិន័យ និងត្រូវបានដកហូតអាជ្ញាប័ណ្ណ សម្រាប់ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសថែមទៀតផង៕



ប្រភព ៖ ស៊ិនហួរ


Tags: Shanghai China Hot news Airport Blast Bomb