(វ៉ាស៊ីនតោន)៖ គោលគំនិតដែលចង់ឲ្យសម្ព័ន្ធមិត្តអាមេរិកដូចជាកូរ៉េខាងត្បូង និងជប៉ុន មានអាវុធនុយក្លេអ៊ែរដើម្បីការពារខ្លួននោះ គឺជារឿងមិនសមហេតុផល ហើយវានឹងបង្កអស្ថិរភាពនៅក្នុងតំបន់ អាស៊ីបូព៌ាជាក់ជាមិនខាន។ នេះបើតាមការថ្លែងរបស់សេតវិមានអាមេរិក នៅមុននេះបន្តិច ដែលត្រូវបានដកស្រង់ដោយ Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០១៦។
នៅក្នុងការថ្លែងទាក់ទាញអ្នកគាំទ្រ បេក្ខជនប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំភ៍ (Donald Trump) មកពីគណបក្សសាធារណរដ្ឋ បានលើកឡើងដូច្នេះថា «សម្ព័ន្ធមិត្តអាមេរិកទាំងពីរ (កូរ៉េខាងត្បូង និង ជប៉ុន) គួរតែផលិតអាវុធនុយក្លេអ៊ែរ ដើម្បីទុកការពារខ្លួនពីរការវាយប្រហារណាមួយ ដោយសម្រូវរបស់ពួកគេ»។
មន្ត្រីនាំពាក្យសេតវិមានអាមេរិកលោក ចូស អ៊ឺណែសត៍ (Josh Earnest) បានថ្លែងប្រាប់អ្នកសារព័ត៌មាននានាថា «ការថ្លែងរបស់លោក ត្រាំ ពិតជាផ្ទុយទៅនឹងគោលនយោបាយរបស់ អាមេរិក ដែលសហរដ្ឋនេះតែងតែធានាជានិច្ច ចំពោះការគាំទ្រដ៏យូរអង្វែងរបស់ខ្លួន លើសហគមន៍អន្តរជាតិនោះ។ ខ្ញុំមិនដឹងថា ទង្វើនោះនឹងធ្វើឲ្យកូរ៉េខាងជើងឈប់អភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ ឬកាន់តែ ផលិតវាឲ្យបានខ្លាំងក្លាថែមទៀតឡើយ»៕
ប្រភព ៖ CNA
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី