(ក្រុងឡុងដ៍)៖ កីឡាករបាល់ទាត់ Wayne Rooney នឹងចូលនិវត្តន៍ (Retire) ពីក្រុមជម្រើសជាតិ តោកំណាចអង់គ្លេស នៅក្រោយពេលបញ្ចប់ព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី។
ប្រធានក្រុមជម្រើសជាតិអង់គ្លេស វ័យ៣០ឆ្នាំខាងលើ បានថ្លែងប្រាប់សារព័ត៌មាន BBC នៅមុននេះថា «យុទ្ធនាការ World Cup 2018 នៅរុស្ស៊ី ជាពេលចុងក្រោយសម្រាប់ខ្ញុំ ដែលត្រូវ Say good bye ពីក្រុមជម្រើសជាតិហើយ ហើយខ្ញុំនឹងព្យាយាមធ្វើគ្រប់យ៉ាង ចំពោះពេលវេលាដែលនៅសល់ និងជួយអង់គ្លេសទទួលបានជោគជ័យផងដែរ»។
កីឡាករដែលកំពុងប្រកបអាជីពក្នុងក្លឹប Manchester United ចូលលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសបាន១១៥ប្រកួត និងស៊ុតបញ្ចូលទីបាន ៥៣គ្រាប់ច្រើនជាងគេរហូតដល់បច្ចុប្បន្ន តែមិនទាន់ជួយឲ្យអង់គ្លេសឈ្នះពានធំណាមួយនៅឡើយទេ មានដូចជាពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro និងពានធំ World Cup តែម្តង។
ដោយសារតែធ្លាក់ទម្រង់លេងខ្លាំងពេក Wayne Rooney ត្រូវបានអតីតគ្រូបង្វឹកអង់គ្លេសលោក Roy Hodgson ផ្លាស់ប្តូរតួនាទីពីខ្សែប្រយុទ្ធមកជាខ្សែបម្រើប្រយុទ្ធវិញ កាលលេង Euro 2016 នៅបារាំង ដែលទើបបញ្ចប់ទៅថ្មីៗនេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង