(ក្រុងរីយ៉ូ)៖ ភ្លើងគប់ (Flame) ដែលជាសញ្ញាបើកសម្ពោធការប្រកួតកីឡាអូឡាំពិកពិភពលោក ឆ្នាំ២០១៦ នេះ ត្រូវបានដង្ហែមកដល់ទីកន្លែងចាប់ផ្តើម នៃប្រទេសប្រេស៊ីលជាផ្លូវការហើយ ក្រោយចាកចេញពីទីក្រុង Geneva ប្រទេសស្វីស នារសៀលថ្ងៃទី៣ ខែឧសភា ។
សារព័ត៌មាន BBC បានឲ្យដឹងថា ភ្លើងគប់ ត្រូវបានដង្ហែតាមជើងហោះហើរត្រង់ពីទីក្រុង Geneva នៃប្រទេសស្វីស មកកាន់ទីក្រុង Brasilia របស់ប្រេស៊ីល ដែលមានការទទួលស្វាគមន៍ពីប្រធានាធិបតី Dilma Rousseff រួមជាមួយ អត្តពលិកចំនួន ១២០០០នាក់ផងដែរ ដែលត្រូវចាប់ផ្តើមធ្វើការដង្ហែជុំវិញទីក្រុងចំនួន ៣០០នៅទូទាំងប្រទេស ប្រេស៊ីលក្នុងរយៈពេល៩៥ថ្ងៃ មុនការប្រកួតកីឡាអូឡាំពិក ចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៥ ដល់ថ្ងៃទី២១ ខែសីហា ខាងមុខ ។
ការដង្ហែភ្លើងគប់ នៅទូទាំងជាង៣០០ទីក្រុងនោះដែរ នឹងត្រូវបានដង្ហែថ្ងៃចុងក្រោយចេញពីទីក្រុង Amazon ឆ្ពោះទៅកាន់ព្រំប្រទល់ភាគខាងត្បូងនៃប្រទេសប្រេស៊ីល មុនដង្ហែមកទីចាប់ផ្តើមនៃកីឡដ្ឋាន Maracana ស្ថិតក្នុងទីក្រុង Rio de Janeiro ជាផ្លូវការនៅថ្ងៃទី៥ សីហា ។
ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក រដូវក្តៅ លើកទី៣១ ឆ្នាំ២០១៦ នេះ នឹងមានអត្តពលិកសរុបចំនួន ១០៥០០នាក់មកពី ២០៦ប្រទេសចូលរួមប្រកួតដណ្តើមមេដាយទៅលើ ២៨ប្រភេទកីឡា នៅទីតាំងចំនួន៣៣កន្លែងទូទាំងប្រទេស ប្រេស៊ីល ជាមួយនឹងប្រភេទកីឡាបាល់ទាត់ចាប់ផ្តើមមុនគេ នាថ្ងៃទី៣ សីហា នេះបើយោងតាមគេហទំព័រ IOC អន្តរជាតិ ហើយវាក៏ជាលើកទី១ផងដែរ សម្រាប់លោកប្រធាន Thomas Bach ក្នុងការរៀបចំយុទ្ធនាការកីឡា Summer Olympic Games នេះ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង