(ម៉ានីល)៖ អតីតស្តេចប្រដាល់សកលលេខ២ពិភពលោក Manny Pacquiao បានលើកឡើងថា ការប្រកាសបេក្ខជនជ័យ ច្រឡំរបស់គណៈកម្មការលោក Steve Harvey ក្នុងកម្មវិធីបវរកញ្ញាឯកចក្រវាឡ ប្រចាំឆ្នាំ២០១៥នេះ គឺហាក់ដូច ជាសងសឹក និងឌឺដងឲ្យទៅអតីតស្តេចប្រដាល់ពិភពលោក Floyd Mayweather អីចឹង ។
បុរសវ័យ៣៦ឆ្នាំ ជនជាតិហ្វីលីពីន បានថ្លែងប្រាប់សារព័ត៌មាន Mirror ក្នុងអំឡុងពេលចូលរួមកម្មវិធី Miss Universe 2015 បានលើកឡើងថា ការប្រកាសឈ្មោះច្រឡំរបស់លោក Steve Harvey ដែលបានប្រកាសថា បវរកញ្ញាមកពីប្រ ទេសកូឡុំប៊ីនាង Ariadna Gutierrez ជាប់ជយលាភីនោះ តែជាក់ស្តែងបវរកញ្ញាមកពីហ្វីលីពីននាង Pia Wurtzbach ទៅវិញទេ ស្រដៀងទៅនឹងខ្លួន (Pacquiao) គួរតែឈ្នះ Floyd Mayweather ដោយពិន្ទុ ក្រោយពីបានដឹងថា ខ្លួនបានវាយចូលច្រើន គ្រាដែលកីឡាករអាម៉េរិក Floyd បានត្រឹមតែដកថយប៉ុណ្ណោះកាលពីដើមខែឧសភា ឆ្នាំ២០១៥ នៅលើសង្វៀន MGM Grand Arena ។
អតីតម្ចាស់ខ្សែក្រវ៉ាត់៨សម័យកាលខាងលើបានបន្តថា “លោក Harvey ហាក់បីដូចស្ថិតក្រោមសម្ភាធក្នុងការប្រកាសឈ្មោះបវរកញ្ញាឯក Pia Wurtzbach ដើម្បីគ្រងម្កុជពេជ្រ ឆ្នាំ២០១៥នេះ ក្រោយពីលទ្ធផលក្រឡាប់ចាក់ និងគួរឲ្យភ្ញាក់ ផ្អើលជាទីបំផុតបែបនេះ” ។
យ៉ាងណាក៏ដោយ ស្តេចប្រដាល់ប្រចាំទ្វីបអាស៊ី Pacquiao នៅតែចិញ្ចឹមចិត្តឡើងសង្វៀន១ប្រកួតចុងក្រោយនាខែ មេសា ឆ្នាំ២០១៦ ខាងមុខ ដើម្បីគម្រប់វាយ៦៦ដង តែមិនទាន់បញ្ជាក់ថាចង់បញ្ចប់អាជីពប្រដាល់ទល់នឹងជើងខ្លាំង ណាមួយនៅឡើយទេ ៕
ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី