កំសាន្ត ៖ ក្រោយពីកំពូលតារាចម្រៀងសម្បូររឿងអាស្រូវច្រើន លោក Justin bieber ធ្លាប់ធ្វើឲ្យនាង Selena gomez ឈឺចាប់ខ្លាំងជាច្រើនដងរាប់មិនអស់ បានធ្វើឲ្យអ្នកស្រី Mandy Teefy ជាម្តាយខឹងខ្លាំង ក្រោយពេលដឹងថា គូស្នេហ៍មួយគូនេះ បានបង្កាត់ភ្លើងស្នេហ៍ចាស់ជាមួយគ្នាជាថ្មីម្តងទៀត ។
អ្នកស្រី Mandy Teefy ដែលជាអ្នកម្តាយបង្កើតរបស់នាង Selena gomez សារភាពថា ខ្លួនពិតជាមិនពេញចិត្តទេ នៅពេលដែលដឹងថា Justin នាង Selena ត្រលប់ទៅសេពគប់គ្នាម្តងទៀត ។ អ្នកស្រីបន្ថែមទៀតថា កូនស្រីរបស់ខ្លួនមានវ័យ ២៥ ឆ្នាំហើយ នាងមិនមែននៅក្មេងទៀតទេ ទោះបីជាខ្លួនមិនពេញចិត្តនឹង Justin ក៏ដោយ ប៉ុន្តែអ្នកស្រីក៏មិនបាននិយាយថា កូនស្រីរបស់ខ្លួនប្រដៅលែងស្តាប់ ឬស្តីបន្ទោសដល់កូនខ្លួនដូចដែលព័ត៌មានមួយចំនួនចុះផ្សាយនោះទេ ។ ផ្ទុយទៅវិញអ្នកស្រី មានតែសូមអោយកូនស្រី មានក្តីសុខជាមួយនិងផ្លូវដែលនាងបានរើស កុំឲ្យដូចជាកន្លងចាស់ដែលធ្លាប់បានជួប ។
ប្រភពដដែលបានបន្ថែមទៀតថា តាំងពីម្ចាស់បទ "Love yourself" ធ្លាប់ធ្វើឲ្យនាង Selena gomez ត្រូវឈឺធ្ងន់រហូតដល់ចូលមន្ទីរពេទ្យរួចមកហើយ អ្នកស្រី Mandy Teefy មិនដែលនិយាយរក លោក Justin bieber ម្តងណាឡើយ បើទោះបីជាដើរបុកគ្នាក៏ដោយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ dailymail