(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានសំណួរពីអ្នកគាំទ្រ ដែលល្បីថាខ្សែប្រយុទ្ធអាហ្វ្រិកខាងត្បូងកីឡាករ Booysen Shane ត្រឡប់មកជួយភ្នំពេញក្រោនវិញ ក្នុងខែមិថុនានេះ ក្លិបជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលនេះ ក៏បានបកស្រាយនឹងចម្ងល់អ្នកគាំទ្ររបស់ខ្លួន ដោយអះអាងថា មិនមែនជាការពិតនោះទេ ។
យោងតាមព័ត៌មានលើ Facebook ផ្លូវការរបស់ក្លឹបភ្នំពេញក្រោន បានបញ្ជាក់ថា «តាមការពិតកីឡាករ Shane កំពុងពិចារណាក្នុងការត្រលប់មកវិញ ប៉ុន្តែការព្យាបាលរបួសវះកាត់ជង្គង់(ACL) គឺសំខាន់ ដូច្នេះកីឡាកររូបនេះ នឹងបន្តសម្រាកព្យាបាលនៅអាហ្រ្វិកខាងត្បូង ដែលបច្ចេកវិទ្យាក្នុងការព្យាបាលល្អជាង» ។
ប៉ុន្ដែបើតាមគម្រោង Shane នឹងត្រលប់មកវិញ នៅក្នុងកំឡុងខែសីហាខាងមុខ ។ យើងត្រូវឲ្យច្បាស់ថា ការជាសះស្បើយពីការវះកាត់ ACL ត្រូវការចំណាយពេល ៩ខែ ជាពិសេសសម្រាប់កីឡាអាជីព ដូចនេះយើងត្រូវគិតថា កីឡាកររូបនេះយ៉ាងហោចណាស់ក៏ឆ្នាំ២០១៧ដែរ ទើបអាចត្រលប់មកលើទីលានបានវិញ»។ នេះជាការបញ្ជាក់បន្ថែមរបស់ក្លិប ។
គួរបញ្ជាក់ថា Booysen Shane បានរងរបួសជង្គង់ អំឡុងពេលលេងទល់នឹងក្រុមប៉ូលិស នៅក្នុងការប្រកួតទី២ របស់ភ្នំពេញក្រោន ក្នុងជើងទី១ នៃលីគកំពូលកម្ពុជា ។ ក្រោមធ្វើការពិនិត្យ Shane បានរងរបួសជង្គង់ធ្ងន់ធ្ងរ រហូតត្រូវផ្អាកការប្រកួត ដើម្បីធ្វើដំណើរទៅព្យាបាលនៅស្រុកកំណើតរបស់ខ្លួន ។ ប៉ុន្ដែមកទល់នឹងពេលនេះ នៅមិនទាន់មានការបញ្ជាក់អំពីការវិវត្តន៍នៃរបួសរបស់ Booysen Shane នៅឡើយទេ ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង