(ភ្នំពេញ)៖ សំណុំរឿងពាក់ព័ន្ធករណីបង្ហោះ រូបអាក្រាតកាយ របស់តារាចម្រៀងស្រីមាឌល្អិត ប្រចាំផលិតកម្មភ្លេងរីខត កញ្ញា វ៉ាន់ នីឡា បន្ទាប់ពីត្រូវបានតុលាការ បើកការស៊ើបអង្កេត និងបានធ្វើការសម្រេច ចោទប្រកាន់ទៅលើអតីតមិត្តប្រុស របស់នាង គឺលោក គុយ សទ្ធិសក្តិ ចំនួនពីរករណី ដែលករណីទីមួយ គឺការបង្ហោះរូបអាក្រាត និងករណីទីពីរការប្រើហិង្សារ ដោយចេតនានោះរួចមក នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ស្អែកនេះ ត្រូវបានតុលាការចេញដីការ កោះហៅឲ្យចូលខ្លួនបំភ្លឺជាថ្មី ខណៈកន្លងមកជនសង្ស័យរូបនេះ បានបន្តគេចខ្លួន មិនចូលចំនួន៤លើក រួចមកហើយ ដោយក្នុងនោះមាន២លើក ស្ថិតក្នុងក្រសួងមហាផ្ទៃ។
បើតាមការបញ្ជាក់ប្រាប់ ឲ្យដឹងពីសំណាក់តារាស្រី កញ្ញា វ៉ាន់ នីឡា បានលើកឡើងថា «ថ្ងៃ១៧ ខែវិច្ឆិកា ស្អែកនេះ នៅវេលាម៉ោង២ ខ្ញុំនឹងរង់ចាំស្តាប់ ពីមេធាវីដែលចៅក្រម ហៅជនសង្ស័យឲ្យចូល ទៅតុលាការ ក្រោយពី មិនបានចូលខ្លួន៤ដងមកហើយ គឺពីរដងនៅក្រសួងមហាផ្ទៃ ២ដងកោះហៅដោយព្រះរាជអជ្ញារង តុលាការក្រុងភ្នំពេញ។ លើកនេះ គឺលើកទី៥ ដែលកោះដោយចៅក្រមស៊ើប។ ក្នុងករណីដែលមិនចូលខ្លួន តាមការកំណត់ខាងលើតុលាការ និងចេញបញ្ជាបង្គាប់ឲ្យនាំខ្លួន!»។
សូមបញ្ជាក់ថា អតីតសង្សារបស់តារាចម្រៀងស្រី កញ្ញា វ៉ាន់ នីឡា គឺលោក គុយ សិទ្ធិសក្តិ ត្រូវបានស្គាល់គ្រប់គ្នាថា ជាមន្ត្រីប៉ូលិសពាក់សក្តិ៤កន្លះបម្រើការងារ នៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ និងត្រូវជាកូនប្រុសរបស់លោកឧត្តមសេនីយ៍ម្នាក់ បម្រើការងារនៅក្រសួងមហាផ្ទៃ ដូចគ្នា។ ដូច្នេះមានមហាជនជាច្រើន កំពុងតែទន្ទឹងរង់ចាំមើល លើចំណាត់ការស្វែងរកយុត្តិធម៌ ពីសំណាក់តុលាការថា តើបុគ្គលរូបនេះអាចនឹងប្រឈមផ្លូវច្បាប់ ឬយ៉ាងណា លើករណីទម្លាយរូបអាក្រាត របស់តារាស្រីកញ្ញា វ៉ាន់ នីឡា នោះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង