(ភ្នំពេញ)៖ ខណៈដែលរឿងរ៉ាវអាស្រូវនៃការបែកធ្លាយរូបអាក្រាតកាយរបស់តារាចម្រៀងស្រីកញ្ញា វ៉ាន់ នីឡា ហាក់កំពុងមានភាពស្ងប់ស្ងាត់បន្តិចហើយនោះថ្មីៗនេះត្រូវបានប្រធានសមាគមន៍ខ្មែរនៅអូស្ត្រាលីបានចេញមុខធានាស្រីស្រស់ នីឡា ចេញយកទៅសម្តែងនឹងច្រៀងនៅទីនោះពេល៥សប្តាហ៍ដោយមានវត្តមានតារាប្រុស-ស្រីរបស់ខ្មែរ៤ដួងទៀតចេញទៅជាមួយផងដែរ។
ថ្លែងប្រាប់អ្នកសាព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកញ្ញា វ៉ាន់ នីឡា បាននិយាយថា «នេះជាលើកទីមួយរបស់ខ្ញុំ ដែលបានចេញទៅច្រៀងនៅលើទឹកដីប្រទេសអូស្ត្រាលីជាលើកទី១ ហើយការចេញទៅនេះគឺមានគ្នាចំនួន៥នាក់មាន៖នាងខ្ញុំ, កញ្ញា អេមមី, លោក អាន គុន្ធកូឡា, លោក អេឡិច ចិន្ត្រា និងកញ្ញា ធីតា»។
កញ្ញា វ៉ាន់ នីឡា បានបញ្ហាញក្តីរំពឹងថា ក្រោយពេលនាងធ្វើដំណើរទៅដល់ទីនោះនឹងទទួលបានការគាំទ្រស្វាគមន៍ពីសំណាក់បងប្អូនខ្មែររស់នៅទីនោះ។ ម្យ៉ាងទៀតក៏មានអាណិកជនខ្មែររស់នៅទីនោះជាច្រើនបានទន្ទឹងរង់ចាំវត្តមានរបស់នាងក្នុងការចេញទៅច្រៀងនៅទីនោះផងដែរ។ ចំពោះបទចម្រៀងដែលកញ្ញា វ៉ាន់ នីឡា ត្រៀមសម្រាប់ច្រៀងនៅលើទឹកដីប្រទេសអូស្ត្រាលីភាគច្រើនជាបទប្រពៃណីជាតិ។
ដោយឡែកងាកមករឿងក្តីរបស់កញ្ញា វ៉ាន់ នីឡា ជុំវិញការទម្លាយរូបអាក្រាតពីសំណាក់ជនអនាមិកវិញ ត្រូវបាននាងបញ្ជាក់ថា បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការងារនេះហើយរឿងនេះក៏បានដំណើរការបានខ្លះៗផងដែរតែមិនទាន់សម្រេចបាន១០០ភាគរយទេ។ ដូច្នេះសាមីខ្លួនកញ្ញា វ៉ាន់ នីឡា សង្ឃឹមថារឿងក្តីនេះនឹងទទួលបានលទ្ធផលនឹងយុត្តិធម៌ឆាប់ៗនេះដោយហេតុថា ទាំងនាង ប៉ូលិស្តិ៍ នឹងមេធាវីកំពុងធ្វើកិច្ចការនេះយ៉ាងសរស្រាក់ស្រាំចំពោះរឿងនេះហើយក៏មានការកោះហៅចំនួន២លើករួចមកហើយដែរ។
សូមបញ្ជាក់ថាតារាចម្រៀងកញ្ញាវ៉ាន់ នីឡា នឹងតារាប្រុស-ស្រី៤រូបផ្សេងទៀតបានចេញដំណើរពីប្រទេសកម្ពុជាកាលពីវេលាម៉ោង៦៖០០នាទី ល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ ឆ្ពោះទៅកាន់ប្រទេសអូស្រ្តាលីតបតាមការអញ្ជើញរបស់សមាគមន៍ខ្មែររស់នៅទីនោះដើម្បីច្រៀង-សម្តែងចែកជូនបងប្អូនខ្មែរនៅទីនោះបានរាំលេងកំសាន្តសប្បាយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង