CamNews

ព័ត៌មានអន្តរជាតិ 

ថាមែនមែន, យន្តហោះដឹកមន្រ្តីទូត រុស្ស៊ី ៣៥នាក់ ហោះចេញពីអាមេរិកហើយ ក្រោយ Obama លេងចាស់ដៃ

(វ៉ាស៊ីនតោន)៖ យន្ដហោះដឹកមន្ត្រីទូតរុស្ស៊ី ៣៥នាក់បានហោះចេញពីទីក្រុងវ៉ាស៊ីនតោនហើយ នៅ​ថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០១៧ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) ដែលមានរយៈពេលពីរថ្ងៃ​បន្ទាប់ពី​រដ្ឋបាល​លោក បារ៉ាក់ អូបាម៉ា ដែលជិតផុត​អាណត្តិ​មែនទែន បានសម្រេច​បណ្តេញ​ពួកគេចេញ​ដោយទុកពេល ៧២ម៉ោង​ឲ្យរៀបចំឥវ៉ាន់។ នេះបើតាមសេចក្តីប្រកាសពីស្ថានទូតរុស្ស៊ី​ប្រចាំទីក្រុងវ៉ាស៊ីនតោន ដែលចុះផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​ព្រឹកថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០១៧។


ពាក់ព័ន្ធនឹង​បញ្ហានេះដែរ​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី Ria Novosti បានបញ្ជាក់ថា យន្ដហោះ​ខាងលើ​ដឹកមន្ត្រី​ទូតរុស្ស៊ី ៣៥នាក់ និងក្រុមគ្រួសាររបស់ពួកគេសរុប ៩៦នាក់ដែល​នឹងធ្វើដំណើរ​ត្រឡប់ទៅស្រុក​កំណើតវិញ បន្ទាប់ពីត្រូវបានបណ្ដេញចេញនៅក្នុងក្របខ័ណ្ឌ​នៃ​ ការដាក់ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​លោក បារ៉ាក់ អូបាម៉ា ប្រឆាំង​សម្រាប់ការ​ចោទប្រកាន់​ថា បានជ្រៀតជ្រែតចូលក្នុងកិច្ចការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាលពីថ្ងៃទី៨ ខែ វិច្ឆិកា។ មន្ត្រីទូតទាំង៣៥នាក់ នេះជាប់ចោទថាជាសមាជិក​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់រុស្ស៊ី GRU និង FSB ដែលក៏ជាកម្មវត្ថុ​នៃការដាក់ទណ្ឌកម្ម​នេះផងដែរ។

ទោះជាយ៉ាងណាក៏ដោយក៏​ទីក្រុងមូស្គូ មិនទាន់​ចាត់វិធានការ​ឆ្លើយតបនៅ​ឡើយទេ ខណៈប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត លោក ដូណាល់ ត្រាំ នៅតែបង្ហាញ​ពីមន្ទិលសង្ស័យ​ជុំវិញការសន្និដ្ឋាន​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់អាមេរិក​ដែលថា រុស្ស៊ីបានជ្រៀតជ្រែកចូលក្នុងកិច្ចការ​បោះឆ្នោត​អាមេរិក ហើយម្យ៉ាង​ទៀត លោកត្រាំ ក៏ធ្លាប់បាននិយាយ​បែបចំអក​ដែរថា គ្មានកំព្យូទ័រណាមួយ​មានសុវត្ថិភាពនោះទេ ដូច្នេះបើ​គេចង់​រក្សាទុកព័ត៌មាន​សំខាន់ៗ​គេគួរតែសរសេរវាទុក ហើយផ្ញើវា​តាមអ្នករត់​សំបុត្រទៅ​វាល្អជាង៕



ប្រភព ៖ CNA


Tags: Russia Int news Hot news Breaking news