(ក្រុងម៉ូនិច)៖ ក្រុមជើងខ្លាំងរបស់អាល្លឹម៉ង់ Bayern Munich មិនជាព្រឺរោមប៉ុន្មានទេ ពេលជួបក្រុមមកពីប្រទេស ព័រទុយហ្គាល់ Benfica យប់នេះក្នុងវគ្គ៨ក្រុមនៃ Champions League ក្នុងជើងទី១ នេះបើតាមការបញ្ជាក់ឲ្យដឹងពី គ្រូបង្វឹក Pep Guardiola ។
Pep បានថ្លែងប្រាប់សារព័ត៌មាន BBC ថា ការជួបជាមួយនឹង Benfica រាត្រីនេះវាមិនជាឧបសគ្គប៉ុន្មានទេសម្រាប់ Bayern Munich គ្រាដែលក្រុមយក្សអេស្ប៉ាញ FC Barcelona ជាក្រុមតែ១គត់ដែលត្រូវខ្លាចរអែង និងយកចិត្តទុក ដាក់ខ្ពស់បំផុត ។
អតីតគ្រូបង្វឹក FC Barcelona រូបនេះបានបន្តថា “Benfica មិនមែនជាក្រុមឧបសគ្គធំសម្រាប់ Bayern ឡើយ ក្រុម ដែលយើងត្រូវបារម្ភបំផុតនោះ គឺវគ្គ៤ក្រុមខ្លាចតែជួបក្រុមការពារតំណែងជើងឯក Barca តែប៉ុណ្ណោះដែលខ្ញុំគិតថា លំបាកប្រជែង និងយកឈ្នះខ្លាំងណាស់ តែក្នុងនោះ Real Madrid ក៏ខ្លាំងដែរ” ។
ការលើកឡើងបែបនេះ គឺមកពីគ្រូបង្វឹកវ័យ៤៤ឆ្នាំ Pep បានមើលឃើញថា ក្រុមភ្ញៀវ Benfica ជាក្រុមដែលមានថ្វីជើង ខ្សោយជាងគេ ក្នុងចំណោម៨ក្រុមដែលបានឡើងមកដល់វគ្គនេះ បន្ទាប់ពី Manchester City របស់អង់គ្លេស តែកីឡាករខ្សែប្រយុទ្ធជួរមុខ Mario Goetze បែរជាលើកឡើងថា មិនត្រូវវាយតម្លៃទាបចំពោះ Benfica ឡើយ ព្រោះថា Bayern Munich បានស្ពឺកមុខម្តងរួចមកហើយពេលពីជួប FC Porto រដូវកាលមុន ដោយធ្លាប់ចាញ់រហូត ដល់ទៅ ៣-១ ឯណោះ ។
សូមបញ្ជាក់ថា ការប្រកួតទាំងពីរក្រុមនៅ Champions League គឹ Bayer Munich ប៉ះ Benfica និង Barcelona ស្វាគមន៍ Atletico Madrid នឹងចាប់ផ្តើមព្រមគ្នានាម៉ោង ១៖៤៥នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) មុនពេល Wolfsburg ស្វាគមន៍ Real Madrid និងម្ចាស់ផ្ទះ Paris Saint-Germain ប៉ះក្រុមភ្ញៀវ Manchester City នៅរាត្រី ថ្ងៃស្អែកវិញម្តង ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង