CamNews

កីឡាអន្តរជាតិ 

Bayern Munich បំបាក់ Werder Bremen ៦-០ នៅតែខ្លាំង ទោះអត់មាន Pep Guardiola ដឹកនាំក៏ដោយ (Video Inside)

(ក្រុងម៉ូនិច)៖ ១ប្រកួតបើកឆាកដំបូងក្នុងក្របខណ្ឌកំពូល Bundesliga របស់អាល្លឺម៉ង់ ក្រុម​ការ​ពារ​តំណែង​ជើង​ឯក Bayern Munich បាន​បំបាក់​ក្រុម​ភ្ញៀវ Werder Bremen ៦-០ ដើម្បីបញ្ជាក់ថា ក្រុមមួយនេះនៅតែខ្លាំង ទោះអត់មានគ្រូបង្វឹកឆ្នើម Pep Guardiola នៅ​ទឹក​នាំ​ក៏​ដោយ​។

សារព័ត៌មាន Dailymail បានចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០១៦ នេះថា អតីតកីឡាករខ្សែបម្រើ​ប្រយុទ្ធ​ក្លឹប Xabi Alonso របស់ក្លឹប Real Madrid បាន​ស៊ុត​គ្រាប់​នាំ​មុខ​យ៉ាងស្អាតចូលទី នៅពេលដែលបាល់ មិនទាន់ធ្លាក់ដល់ដីផងនោះ នៅ​៩​នាទី​ដំបូង​នៅ​ពហុ​កីឡ​ដ្ឋាន Allianz Arena ស្ថិត​ក្នុង​ទី​ក្រុង Munich ប្រចាំសប្តាហ៍ទី ១ នៃ Bundesliga រដូវកាលថ្មីឆ្នាំ២០១៦-២០១៧។

ភ្លាមៗនោះដែរ ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកថ្មី Carlo Ancelotti ដែលចូលតំណែងធំជំនួសកៅអីគ្រូបង្វឹក Pep Guardiola ដែល​លា​ឈប់​ទៅ​ដឹក​នាំ​ក្លឹប Manchester City របស់អង់គ្លេសនោះ បន្តដាក់សម្ពាធទៅលើក្រុម Bremen ដដែល ដោយបន្តរកបានគ្រាប់ទី២ នៅនាទីទី១៣ ពីការធ្វើបានសម្រេចដោយកីឡាករប៉ូឡូញ Robert Lewandowski មុនបន្ថែម២គ្រាប់ទៀត ធ្វើបានហែកទ្រីកនៅនាទីទី៤៦ និង​ប៉េណាល់​ទី​នៅ​នា​ទី​ទី​៧៧ ជា​មួយ​នឹង​មិត្ត​រួម​ក្រុម Philipp Lahm និង Franck Ribery រកបានម្នាក់១គ្រាប់ដូចគ្នានៅនាទីទី៦៦ និង ៧៣។

នេះជាការធ្វើបានល្អមែនទែន សម្រាប់អតីតគ្រូបង្វឹកក្លឹប Real Madrid, Carlo Ancelotti ពី១ប្រកួតបើកឆាកក្នុងលីគ​កំពូល​អាល្លឺ​ម៉ង់ នៅ​ពី​មុខ​អ្នក​ទស្សនា​ផ្ទាល់​ប្រមាណ ៧៦០០០​នាក់​៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង