CamNews

ព័ត៌មានជាតិ 

ព្រោះតែចង់រៀន! កុមារីក្រីក្រវ័យ ៨ឆ្នាំម្នាក់ ឈរមាត់បង្អួចលួចមើលគេរៀនរាល់ថ្ងៃ

(បាត់ដំបង)៖ ព្រោះតែឪពុក-ម្តាយមានជីវភាពក្រី និងធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ រស់នៅជាមួយជីតាចំណាស់ កុមារី ហ៊ួច ឡៃហៀក អាយុ ៨ឆ្នាំទៅហើយ មិនទាន់បានចូលរៀនដូចកុមារដទៃក្នុងភូមិនោះទេ។ ព្រោះតែទឹកចិត្តពីធម្មជាតិ បានជំរុញ ឲ្យកុមារីម្នាក់នេះ ចង់ទទួលបានការអប់រំដូចកុមារដទៃទៀតផងដែរ ហើយតែងបានដើរពីផ្ទះចម្ងាយប្រមាណ១គីឡូម៉ែត្រ ទៅលួច មើលក្មេងៗដទៃទៀត ដែលកំពុងអង្គុយក្រេមយកចំណេះដឹងក្នុងថ្នាក់ជារៀងរាល់ថ្ងៃ។

កុមារី ហួច ឡៃហៀក រស់នៅក្នុងភូមិកំប៉ូវត្បូង ឃុំភ្នំសំពៅ ខេត្តបាត់ដំបង។ នាងមានបងប្អូនចំនួន ៣នាក់ ដែលរាល់ថ្ងៃមិនទទួល បានភាពកក់ក្តៅ ឬការមើលថែទាំពីឪពុក-ម្តាយនោះឡើយ ដោយសារតែជីវភាពបានធ្វើឲ្យឪពុក-ម្តាយរបស់នាង ធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃទាំងពីរនាក់។ កុមារី ហួច លៃហៀក និង ប្អូនៗពីរនាក់ទៀតត្រូវរស់ជាមួយជីតា វ័យចំណាស់ក្នុងស្ថានភាពជីវភាពលំបាករកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក។

ព្រោះតែស្ថានភាពគ្រួសារនេះ បានធ្វើឲ្យកុមារី ហួច ឡៃហៀក និង ប្អូនៗ របស់នាង មានឱកាសទៅទទួលការអប់រំដូចក្មេងដទៃ នោះឡើយ។ តែអំណោយផលពីធម្មជាតិផ្នែកបញ្ញាស្មារតី បានជំរុញឲ្យកុមារីរូបនេះ ចង់រៀនចង់ទទួលបានចំណេះដឹង នឹងតែង ដើរលើចម្ងាយផ្លូវប្រមាណ ១គីឡូម៉ែត្រ ទៅលួចគេរៀនជារៀងរាល់ថ្ងៃ។

អ្នកគ្រូ ញាណ ប៊ុនសុជាតា បង្រៀនថ្នាក់ទី១ នៃសាលាបឋមសិក្សាកំប៉ូវ ស្ថិតនៅក្នុងភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ ដំបង បានប្រាប់ Fresh News ថា អ្នកគ្រូ បានលួចឃើញកុមារីទៅឈរឱបដៃ នៅក្រៅថ្នាក់លួចមើលគេរៀនរាល់ថ្ងៃ ដោយការ ងឿងឆ្ងល់អ្នកគ្រូ ក៏បានហៅកុមារីរូបនេះទៅសួរ។

ជាមួយនិងការអឹមអៀម និងទឹកភ្នែករលីងរលោងផងនោះ កុមារី ហួច ឡៃហៀក បាននិយាយថា នាងចង់រៀន។ នេះបើតាមការ បញ្ជាក់របស់អ្នកគ្រូ ញាណ ប៊ុនសុជាតា។

បន្ទាប់ពីទទួលបានចម្លើយបង្ហាញពីបំណងមុតមាំចង់បានរៀនសូត្រពីកុមារី ហួច ឡៃហៀក អ្នកគ្រូលើដីជនបទមានចិត្តមេត្តាធម៌ រូបនេះ ក៏បានជិះម៉ូតូចុះទៅដល់ខ្ទមរបស់កុមារី ហ៊ុមព័ទ្ធដោយសង្កសី ស្ថិតនៅចុងភូមិ និងសុំអនុញ្ញាតពីជីតា ដើម្បីឲ្យកុមារីរូបនេះ បានចូលរៀន។ បន្ទាប់ពីគ្មានការជំទាស់ពីជីតារបស់កុមារី ហើយនោះ អ្នគ្រូលើដីជនបទប្រកបដោយចិត្តធម៌មេត្តា បានជួយទិញសម្លៀកបំពាក់ ស្បែកជើង សម្ភារៈសិក្សា និងជួយឲ្យកុមារីក្រីក្រនេះ បានទទួលការអប់រំតាមបំណងប្រាថ្នា។

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ កុមារី ហួច ឡៃហៀក បានចូលរៀនហើយជាមួយក្មេងៗ ដទៃទៀត នៅក្នុងភូមិ។ អ្នកគ្រូ ញាណ ប៊ុនសុជាតា បានបញ្ជាក់ប្រាប់ថា កុមារី ហួច ឡៃហៀក បានសម្តែងទឹកមុខសប្បាយរីករាយជាខ្លាំងជាមួយវត្តមានសម្លៀក បំពាក់ និងសម្ភារៈសិក្សាថ្មី ព្រមទាំងអង្គុយលើតុក្នុងថ្នាក់រៀន ដែលខ្លួនធ្លាប់តែលួចមើលពីខាងក្រៅនោះ។

ទាំងទឹកចិត្តចង់រៀនរបស់កុមារី ហួច ឡៃហៀក និងទឹកចិត្តសណ្តោសសម្បុរសធម៌របស់អ្នកគ្រូ ញាណ ប៊ុនសុជាតា បាននាំឲ្យ មានការស្ញប់ស្ញែងយ៉ាងខ្លាំង ពីប្រជាពលរដ្ឋនៅក្នុងភូមិ រួមនិងអ្នកនិយមលេងបណ្តាញសង្គម Facebook ផងដែរ។

បើទោះបីបច្ចុប្បន្នកុមារី ហួច ឡៃហៀក ត្រូវបានជួយឲ្យបានចូលរៀនពីអ្នកគ្រូចិត្តធម៌ ប៊ុនសុជាតា យ៉ាងណាក្តី តែអ្នកគ្រូក៏នៅព្រួយបារម្ភពីបញ្ហាប្រឈមរបស់កុមារីម្នាក់នេះ ដែលកំពុងរស់ក្នុងស្ថានភាពយ៉ាប់យឺនជាមួយជីតាចំណាស់ អាចនឹងត្រូវខកខាន ការសិក្សាទៅថ្ងៃមុខ។ អ្នកគ្រូ ក៏ចង់ឃើញសម្បុរសជនមានចិត្តសម្បុរស ជួយឲ្យកុមារីម្នាក់នេះ អាចសម្រេចបំណងប្រាថ្នា រហូតដល់នាងធំដឹងក្តី ដូចកុមារដទៃទៀតផងដែរ៕

 

ព្រោះតែចង់រៀន! កុមារីក្រីក្រវ័យ ៨ឆ្នាំម្នាក់ ឈរមាត់បង្អួចលួចមើលគេរៀនរាល់ថ្ងៃ ខណៈឪពុក-ម្តាយទៅធ្វើការនៅថៃចោល

Posted by Fresh News on Tuesday, January 26, 2016

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Cambodia Social News Battambong