CamNews

កីឡាអន្តរជាតិ 

អាមេរិក និង​ចិន កំពុង​នាំ​មុខ ពី​ការ​ឈ្នះ​មេ​ដាយ​ច្រើន​ជាង​គេ នៅ Olympic Games 2016

(ក្រុងរីយ៉ូ)៖ ក្រុមអត្តពលិករបស់អាមេរិក បានកំពុងនាំមុខគេបណ្តោះអាសន្ន ពីការឈ្នះមេដាយបានច្រើនជាងគេ ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​អូឡាំ​ពិក រដូវ​ក្តៅ ឆ្នាំ​២០១៦ នៅ​ប្រទេស​ប្រេស៊ីល តាម​ពី​ក្រោយដោយអត្តពលិករបស់ចិន គិតត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៨ ខែ​សីហា​នេះ (ម៉ោង​នៅ​កម្ពុជា​)។

តាមរយៈគេហទំព័រផ្លូវការរបស់ Rio 2016 បានបង្ហាញក្នុងតារាងថា ក្រោយបើកការប្រកួតកីឡាអូឡាំពិកពិភពលោក នៅ​ទី​ក្រុង Rio de Janeiro នៃ​ប្រទេស​ប្រេ​ស៊ីល រយៈ​ពេល​៣​ថ្ងៃ​មក​នេះ ក្រុមអត្តពលិកអាមេរិក ឈ្នះមេដាយបាន ១២គ្រឿងច្រើនជាងគេ ក្នុងនោះមានមេដាយមាស ៣គ្រឿង មេ​ដាយ​ប្រាក់ ៥​គ្រឿង និង​មេ​ដាយ​សំរឹទ្ធ ៤គ្រឿង តាមពី ក្រោយដោយអត្តពលិកចិន ឈ្នះមេដាយបាន៨គ្រឿង មាស៣ ប្រាក់២ និងសំរឹទ្ធ ៣គ្រឿង។

សូមបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ មានប្រទេសចំនួន៣០ហើយ ក្នុងចំណោម២០៧ប្រទេសដែលបានបញ្ជូន​អត្តពលិក​មក​ចូល​រួម Olympic Games 2016 លើក​ទី​៣១​នេះ ដោយចំនួនមេដាយសរុប ៨១គ្រឿង (មាស ២៥គ្រឿង, ប្រាក់ ២៦គ្រឿង និងមេដាយសំរឹទ្ធ ៣០គ្រឿង) ក៏បានបំពាក់ជូនអត្តពលិកជយលាភីរួចរាល់ផងដែរ ទៅលើវិញ្ញាសាខ្លះៗដែលបានបញ្ចប់ទៅហើយ ក្នុងចំណោម ៣២០វិញ្ញាសា ពី ២៨ប្រភេទកីឡាដែលបានដាក់ឲ្យ ប្រកួតប្រជែងដណ្តើមយកមេដាយ ដោយពុំទាន់មានកីឡាណាមួយបញ្ចប់នៅឡើយទេ។

អត្តពលិកកម្ពុជា នឹងចាប់ផ្តើមប្រកួតដំបូង វិញ្ញាសាហែលទឹកបែបសេរី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ស្អែកនេះ ដោយកីឡាករ ពូ សុវិជ្ជា និង​វិញ្ញាសា​បន្ត​បន្ទាប់​ចាប់​ផ្តើម​នា​ពេល​ក្រោយៗទៀត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Rio 2016