CamNews

យល់ដឹង 

តើស្ត្រីបែប​ណា ដែល​​ហៅ​ថា​ ល្អ​​លើស​​ស្ត្រី​​ទាំង​ពួង​​ ក្នុង​លោក​នេះ?

ស្ត្រីបែបណា ហៅថាល្អ លើសស្ត្រីទាំងពួងក្នុងលោកនេះ ទឹកយ៉ាងណាជាទឹកផ្អែមឆ្ងាញ់ លើសទឹកទាំងពួងក្នុងលោកនេះ ត្រីយ៉ាងណាដែលមានរសជាតិឆ្ងាញ់ពិសា លើសត្រីទាំងពួងក្នុងលោកនេះ?

សៀវភៅគតិលោក សូមឆ្លើយថាៈ ជាតិស្ត្រីល្អលើសគេនោះ បើនិយាយដោយរូប គឺស្ត្រីប្រកបដោយ បញ្ចពិធកល្យាណី តែបើនិយាយដោយធម៌ គឺស្ត្រីមានមាយទល្អនេះឯង បើនិយាយដោយវោហារវិញនោះ គឺស្ត្រីប្រពន្ធគេនោះឯង ហៅថាល្អលើសស្រ្តីក្នុងលោក។ ហេតុអ្វីបានជាថា លើសគេនោះ ព្រោះស្ត្រីប្រពន្ធគេនេះ មានទោសខុសទាំងពីរផ្លូវ ថាបើបុរសណា ទៅប្រព្រឹត្តកន្លងបវេណីនោះហើយ គឺក្នុងលោកនេះ តែគេដឹងឮហើយ គេចាប់ទៅប្តឹងដល់សាលាជំនុំ។ សាលាជំនុំ ក៏ពិនិច្ឆ័យដាក់គុកដាក់ទោស ឯខាងផ្លូវបរលោកនោះសោត ក៏បានបាបធ្លាក់ទៅសោយទុក្ខក្នុងអបាយភូមិបួន មាននរកជាដើម។ កាលដែលដឹងហើយថា មានទោសបែបនេះហើយ ហេតុអ្វីបុរសលែងពុំបាន យ៉ាងនេះឯងហៅថា ស្រីល្អលើសលែងក្នុងលោក។

ឯទឹកដែលផ្អែមពីសាលើសទឹកទាំងពួងនោះ គឺសុរានេះឯង។ មែនពិត ឯទឹកសុរាបានជាថាផ្អែម លើសលែងនោះ ព្រោះទឹកសុរានោះ ទោះបីគេហាមមិនឲ្យបិទ មិនឲ្យធ្វើខ្លួនឯង ក៏នៅតែរកប្រាក់ទៅទិញពីចិន។ ឯទោសផឹកសុរា គឺបង់ប្រាក់១ គឺផឹកទៅហើយកើតស្រវឹងវង្វេងចិត្ត ទៅប្រព្រឹត្តការជួអាក្រក់ផ្សេងៗ មានបង្កពាក្យជម្លោះប្រកែកប្រកួតជាដើម១ មានទោសធ្លាក់ទៅអបាយភូមិទាំងបួន១ អ្នកលេងសុរាសឹងដឹងប្រាកដថា ផឹកសុរានេះជាទីនាំមកនូវសេចក្តី ទុក្ខទោសទាំងអស់ តែនឹងលះលែងពុំបាន បើដូច្នេះសុរានោះមិនជាផ្អែមលើសគេហើយហះ បានជាមនុស្សយើងលះលែងពុំរួចយ៉ាងនេះ។

ឯត្រីដែលមានរសពិសាលើសត្រីនានានោះ គឺត្រីព្រលូងនោះឯង បានជាថាត្រីព្រលូងមានរសពីសានោះ ព្រោះដឹងថា ត្រីព្រលូងនេះ ជួនបរិភោគទៅហើយពុលក៏មាន តែនឹងលះបង់ពុំបាន បើដូច្នេះត្រីព្រលូងនោះ មិនឆ្ងាញ់លើសគេហើយហះ បានជាមនុស្សលះលែងពុំបាន។

(ស្រង់ចេញពីសៀវភៅគតិលោកភាគ១ និពន្ធរៀបរៀងដោយ ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ បោះពុម្ពលើកទី១០ ព.ស២៥៣៩ ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ)




ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Knowledge