(ភ្នំពេញ)៖ យុវជនម្នាក់ត្រូវកម្លាំងអាវុធហត្ថ ធ្វើការឃាត់ខ្លួនយោងទៅតាមពាក្យបណ្ដឹង របស់ស្ត្រីម្នាក់ក្នុងបទគំរាមកាប់ប្រហារ មកលើខ្លួនព្រោះតែរូបគេខឹងនឹងស្ត្រីរងគ្រោះ រារាំងមិនអោយកូនស្រីមកស្រឡាញ់ រូបគេដែលមានចរិតជាជនបាតសង្គម។
ករណីឃាត់ខ្លួនយុវជនជំលើយខាងលើនេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង១ទាបភ្លឺឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចផ្ទះជួលក្នុងភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។ ជនសង្ស័យមានឈ្មោះ សាន់ និស្សិត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាកម្មករសំណង់ មានស្រុកកំណើតនៅភូមិស្ពាន ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិព្រៃសាលា សង្កាត់កាកាបក្បែរផ្ទះជនរងគ្រោះ ។ចំណែកស្ត្រីរងគ្រោះឈ្មោះ នី មុំ អាយុ៤៦ឆ្នាំ មានទីលំនៅបន្ទប់ជួល ក្នុងភូមិខាងលើ។
ដំណើររឿងបានអោយដឹងថាកន្លងមកជនសង្ស័យ បានលួចស្រលាញ់កូនស្រីរបស់ជនរងគ្រោះ ប៉ុន្តែជនរងគ្រោះមិនពេញចិត្តនិង អត្តចរិត របស់ជនសង្ស័យ ទើបមិនព្រមអោយកូនស្រីរបស់ខ្លួនស្រលាញ់ជនសង្ស័យ ហើយក្រោយមកជនរងគ្រោះក៏បានបញ្ជូនកូនស្រី របស់ខ្លួនអោយទៅធ្វើការនៅប្រទេសថៃដើម្បីគេចពីជនសង្ស័យ។លុះដល់ថ្ងៃកើតហេតុជនសង្ស័យផឹកស្រាស្រវឹងក៏បានលីដាវសាំ ម៉ូរ៉ៃ មករករឿងគម្រាមកាប់សម្លាប់ជនរងគ្រោះដល់បន្ទប់ជួលត្រូវជនរងគ្រោះប្ដឹងទៅកម្លាំងសមត្ថកិច្ចក៏ត្រូវកម្លាំងអាវុធហត្ថចុះមកឃាត់ខ្លួន តែម្តងទៅ៕