(ភ្នំពេញ)៖ បន្ទាប់ពីមានបណ្តាញសាព័ត៌មានក្នុងស្រុកជាច្រើនបានសរសេរចុះផ្សាយជុំវិញរឿងដែលស្ត្រីជាអ្នកលក់ធុរេនម្នាក់បានអះអាងថា តារាចម្រៀងប្រចាំផលិតកម្មហង្សមាសកញ្ញាឱក សុគន្ធកញ្ញា បានបើករថយន្តបុកតូបលក់ធូរេនរបស់ខ្លួនកាលពីថ្ងៃអាទិត្យកន្លងទៅបង្កការភ្ញាក់ផ្អើល។ មិនត្រឹមតែប៉ុណ្ណោះ ស្ត្រីម្ចាស់ធូរេនក៏បានលើកសរសើរថាតារាចម្រៀង ឱក សុគ្ធកញ្ញា ជាមនុស្សមានទំនូលខុសត្រូវខ្ពស់ពេលខុសហើយចេះទទូលកំហុសនឹងចេញថ្លៃសំណងនៃការខូចខាតធូរេឲ្យគាត់វិញទៀត។
ប៉ុន្តែយ៉ាងណាមិញក្រោយពីមានការផ្សព្វផ្សាយនូវដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលបែបនេះភ្លាមៗនោះសាមីខ្លួនកញ្ញា ឱក សុគន្ធកញ្ញា ក៏បានចេញមុខបំភ្លឺពីការពិតថា នាងមានអារម្មណ៍រំភើបក្នុងចិត្តខ្លាំងណាស់ពេលបានឃើញព័ត៌មាននឹងសម្តីលើកសរសើរពីសំណាក់ស្រ្តីជាម្ចាស់ធូរេនខាងលើ។ ប៉ុន្តែនាងក៏បានបញ្ជាក់ប្រាប់វិញថាការពីថ្ងៃអាទិត្យនោះខ្លួនមិនបាននៅក្នុងហេតុការណ៍នេះទេពោលគឺជារឿងភ័ណ្ឌច្រឡំប៉ុណ្ណោះ។
ជាមួយគ្នានេះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងកញ្ញាឱក សុគន្ធកញ្ញា កាលពីល្ងាចថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៦ម្សិលមិញបានបង្ហោះសារឆ្លើយតបនឹងការលើកឡើងរបស់ស្រ្តីម្នាក់នោះថា ថ្ងៃនេះមានសារព័ត៌មានជាច្រើនបានចុះផ្សាយពីមីងម្នាក់ដែលគាត់គឺជាអ្នកលក់ធុរ៉េននៅខេត្តកំពត ដែលថាមានរថយន្តមួយប៉ះតូបលក់ធូរេនរបស់គាត់ ហើយយគាត់បានសរសើរនូវការទទួលខុសត្រូវរបស់អ្នកដែលបានប៉ះតូបរបស់គាត់ ហើយក្នុងនោះគាត់បាននិយាយថាអ្នកដែលបានប៉ះនោះគឺជារូបនាងខ្ញុំ។
កញ្ញា ឱក សុគន្ធកញ្ញា បានបន្តថា ខ្ញុំពិតជារំភើបចំពោះការសរសើរនិងទឹកចិត្តរបស់មីង.. ក៏ប៉ុន្តែខ្ញុំគិតថា អ្នកមីងប្រហែលជាច្រឡំមនុស្សហើយ ពីព្រោះនាងខ្ញុំពិតជាមិនបានជួបនូវហេតុការណ៍បែបនេះទេ ហើយជាក់ស្តែងនៅថ្ងៃអាទិត្យនោះនាងខ្ញុំជាប់ច្រៀងកម្មវិធីមួយនៅកោះពេជ្រផងដែរទោះជាយ៉ាងណា ខ្ញុំសូមផ្ញើនូវការស្រលាញ់ និងទឹកចិត្តដ៏ល្អរបស់មីងជូនមនុស្សដែលបានប៉ះតូបលក់ធុរ៉េនរបស់មីង ពីព្រោះគាត់ជាមនុស្សល្អ ខ្ញុំសូមកោតសរសើរនូវការទទួលខុសត្រូវរបស់គាត់។ ពិតជាគំរូដ៏ល្អសម្រាប់ប្រជាជនគ្រប់រូប..។
តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាសកញ្ញា ឱក សុគ្ធកញ្ញា បានបន្ថែមថា ធ្វើអំពើល្អ ពិតជាទទួលបានវិញនូវអំពើល្អដូចគ្នា។ ជូនពរមីងសុខសប្បាយ និងលក់ធូរេនឲ្យដាច់បានច្រើន។ ហើយនាងខ្ញុំសូមអរគុណដល់បងៗសារព័ត៌មានដែលបានចុះផ្សាយអំពីរឿងនេះ..។ សូមអរគុណ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង