បកប្រែ និងសម្រួលដោយ៖ អ៉ឹត ចណ្ណា
(អាមេរិក)៖ ខាងក្រោមនេះជាអត្ថបទ ដែលដកស្រង់ពីកម្មវិធីថ្លែងសុន្ទរកថា ត្រៀមបញ្ចប់អាណត្តិរបស់លោក បារ៉ាក់ អូបាម៉ា នៅក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក ដែលទទួលបានពីសេតវិមាន ចេញផ្សាយដោយសារព័ត៌មាន Los Angeles Time នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ។
ខាងក្រោមនេះជាខ្លឹមសាររបស់លោក បារ៉ាក់ អូបាម៉ា ដែលបានថ្លែងដូចច្នេះថា៖
«ខណៈនេះ វាជាពេលវេលាដ៏សាកសមមួយ ក្នុងការវិលត្រឡប់ទៅរកកន្លែងដើមវិញ។ សហការីរួមជាមួយភរិយាខ្ញុំ លោកស្រី Michelle និងខ្ញុំផ្ទាល់ មានក្តីរំភើបរីករាយជាខ្លាំង បន្ទាប់ពីទទួលបានសារជូនពរល្អៗ ដែលយើងទទួលបានក្នុងរយៈពេល ពីរទៅបីសប្តាហ៍ចុងក្រោយនេះ។ ប៉ុន្តែរាត្រីនេះដល់ពេលដែលខ្ញុំ ត្រូវថ្លែងអំណរគុណដល់អ្នករាល់គ្នាវិញម្តង។
មិនថាកន្លងមកយើងធ្លាប់បានដើរស្របគ្នា ឬប្រឆាំងគ្នាក្តី ប្រជាពលរដ្ឋអាមេរិក ដែលមកពីគ្រប់ស្រទាប់វណ្ណៈ សុទ្ធតែបានជួយខ្ញុំឱ្យចេះរក្សាភាពស្មោះត្រង់ ជម្រុញលើកទឹកចិត្តខ្ញុំ និងជម្រុញខ្ញុំឱ្យបន្តដើរទៅមុខជានិច្ច។ ជារៀងរាល់ថ្ងៃ ខ្ញុំបានសិក្សាពីអ្នករាល់គ្នា។ អ្នកបានធ្វើឱ្យខ្ញុំក្លាយ ជាប្រធានាធិបតីដ៏ប្រសើរ មិនតែប៉ុណ្ណោះអ្នករាល់គ្នា ក៏បានធ្វើឱ្យខ្ញុំក្លាយជាបុរសម្នាក់ ដែលល្អជាមុនផងដែរ។
នៅពេលដែលខ្ញុំមកទីក្រុង Chicago នេះជាលើកដំបូង ក្នុងពេលដែលខ្ញុំសិ្ថតក្នុងវ័យប្រមាណ ២០ឆ្នាំ ក្នុងពេលនោះ ខ្ញុំនៅមិនទាន់ដឹងច្បាស់ថា តើខ្ញុំជាអ្នកណានៅឡើយ ខ្ញុំកំពុងស្វែងរកគោលដៅជីវិតរបស់ខ្ញុំ។ រំលឹកដល់ពេលមួយ ខ្ញុំកំពុងធ្វើការនៅព្រះវិហា ជាមួយមនុស្សមួយក្រុម ក្រោមម្លប់នៃរោងចក្រមួយកន្លែង ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីនេះ។ ដងផ្លូវនេះហើយ ដែលខ្ញុំបានស្គាល់ជំនឿ សេចក្តីថ្លៃថ្នូដ៏ស្ងប់ស្ងាត់របស់មនុស្ស ដែលកំពុងប្រឈមមុខនឹងការលំបាក និងការបាត់បង់។ នេះជាកន្លែងដែលខ្ញុំចាប់ផ្តើមដឹងថា ការផ្លាស់ប្តូរអាចកើតឡើងបាន លុះត្រាតែមនុស្សទាំងអស់រួមគ្នា សហការគ្នា និងពួតដៃគ្នា ដើម្បីទាមទារការផ្លាស់ប្តូរនោះ។
រហូតមកទល់ពេលនេះ ខ្ញុំនៅតែមានជំនឿទៅលើការផ្លាស់ប្តូរ បន្ទាប់ពីរយៈពេលប្រាំបីឆ្នាំ ក្នុងនាមជាប្រធានាធិបតី របស់អ្នករាល់គ្នា។ វាមិនមែនគ្រាន់តែជាជំនឿរបស់ ខ្ញុំម្នាក់ប៉ុណ្ណោះទេ។ វាជាបានប៉ះពាល់ដល់បេះដូង របស់ប្រជាពលរដ្ឋអាមេរិកគ្រប់រូប។ វាបានបញ្ជាក់ថា យើងគ្រប់គ្នាជាអ្នកបង្កើតភាពស្មើគ្នា វាកើតឡើង ដោយសារការបង្កើតរួមគ្នា ជាមួយនឹងសិទ្ធសេរីភាព និងសុភមង្គលដ៏ពិតប្រាកដ។ សិទ្ធសេរីភាព ជាអំណោយដល់អស្ចារ្យបំផុត ដែលយើងទទួលបានពីបិតាស្ថាបនិកអាមេរិក។ វាជាសេរីភាពក្នុងការបំពេញ ក្តីសុបិន្តរបស់យើង ដោយប្រើប្រាស់កម្លាំងញើសឈាម ការលំបាក ការស្រមើស្រមៃ និងការប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបាននូវ លទ្ធផលដ៏ប្រសើរជាងមុន។
អស់រយៈពេលជាង២៤០ឆ្នាំហើយ ដែលប្រជាជាតិយើងតែងតែបង្កើតការងារ និងគោលដៅសម្រាប់ជំនាន់ថ្មី។ វាជាការផ្តល់ឱ្យមនុស្ស ជ្រើសរើសរបបសាធារណរដ្ឋ ជំនួសរបបផ្តាច់ការ ធ្វើឱ្យពួកទាសករ ក្លាយទៅជាមនុស្សឈ្លាសវៃ ដើរលើផ្លូវឆ្ពោះទៅរកសេរីភាព។ មិនមែនមានន័យថា ប្រជាជាតិរបស់យើង គ្មានកំហុសទាល់តែសោះ តាំងពីការចាប់ផ្តើមនោះទេ ប៉ុន្តែមានន័យថា យើងមានសមត្ថភាពក្នុងការផ្លាស់ប្តូរ និងធ្វើឱ្យជីវិតមនុស្សប្រសើរឡើង ពិសេសសម្រាប់អ្នកដែលដើរតាមមាគ៌ា របស់អាមេរិក។
ជាការពិតដែលថា ដំណើរការទៅមុខរបស់យើង មិនមានភាពរលូនរហូតនោះទេ ជាក់ស្តែងការពង្រីក ឥទ្ធិពលនៃលទ្ធិប្រជាធិបតេយ្យ មិនមែនជារឿងងាយស្រួលនោះទេ វាបានបង្កឱ្យមានរឿងវិវាទ និងការបង្ហូរឈាមគ្នា។ គ្រប់ពេលដែលយើងបោះជំហាន ទៅមុខបានពីរជំហាន យើងតែងតែមានអារម្មណ៍ថា កំពុងដើរថយក្រោយមួយ ជំហានទៅវិញ។ ប៉ុន្តែក្នុងដំណើរដ៏វែងឆ្ងាយ របស់សហរដ្ឋអាមេរិក បានកំណត់ថា ត្រូវតែបន្តដំណើរឆ្ពោះទៅមុខជានិច្ច។
ត្រឡប់ទៅកាលពី៨ឆ្នាំមុន ប្រសិនបើនៅពេលចាប់ផ្តើមកាន់អំណាចភ្លាម ខ្ញុំប្រាប់អ្នកថា អាមេរិកនឹងមានការផ្លាស់ប្តូរដ៏ធំធេង យើងនឹងបង្កើតការងារសម្រាប់មនុស្ស បើកទំព័រថ្មីក្នុងទំនាក់ទំនង ជាមួយប្រទេស គុយបា ទប់ស្កាត់រាល់កម្មវិធី អាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ដោយគ្មានការបង្ហូរឈាម ព្រមទាំងផ្តល់ធានារ៉ាប់រងសុខភាព មនុស្សទាំង ២០លាននាក់ នោះអ្នកអាចនឹងគិតថា ទស្សនវិស័យរបស់ខ្ញុំ ហាក់ដូចជាខ្ពស់បន្តិចហើយ។ ប៉ុន្តែការពិតទៅ ទាំងនេះសុទ្ធតែជាអ្វីដែលយើងសម្រេច បានពិតមែន យើងធ្វើឱ្យមានការផ្លាស់ប្តូរ យើងបានឆ្លើយតប ដើម្បីផ្តល់ក្តីសង្ឃឹមដល់មនុស្ស ហើយអាមេរិកកាន់តែខ្លាំងជាងមុន និងរឹងមាំជាងពេល ដែលយើងបានចាប់ផ្តើម។
ក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃខាងមុខ ពិភពលោកនឹងធ្វើជាសាក្សី នៃការផ្ទេរតំណែង ពីប្រធានាធិបតីមួយរូប ទៅប្រធានាធិបតីមួយរូបទៀត ដោយសន្តិភាព។ ខ្ញុំបានសន្យាជាមួយប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ថា រដ្ឋាភិបាលក្រោមការគ្រប់គ្រងរបស់ខ្ញុំ នឹងធានាផ្ទេរតំណែងដល់លោក ប្រកបដោយភាពរលូនបំផុត មិនខុសពីពេល ដែលប្រធានាធិបតី Bush ផ្ទេរដល់ខ្ញុំដូចគ្នា។
បន្ទាប់មក អាមេរិកនៅតែជាប្រទេសអ្នកមាន ជាប្រទេសមហាអំណាច និងជាប្រជាជាតិគួរជាទីគោរព សម្រាប់ពិភពលោកទាំងមូល។ យុវជនរបស់យើង អំណាចរបស់យើង និងសមត្ថភាពគ្មានដែនកំណត់របស់យើង ដើម្បីទប់ទល់នឹងហនីភ័យ ហេតុនេះអនាគតទាំងមូល គួរតែជារបស់យើងដូចគ្នា។ ប៉ុន្តែសក្តានុពលទាំងនេះ អាចត្រូវបានទទួលស្គាល់ លុះត្រាតែលទ្ធិប្រជាធិបតេយ្យ អាចដំណើរទៅមុខបាន។ អ្វីដែលខ្ញុំចង់ផ្តោតសំខាន់នារាត្រីនេះគឺ លទ្ធិប្រជាធិបតេយ្យ។
ត្រូវយល់ថា លទ្ធិប្រជាធិបតេយ្យ មិនទាមទាមភាពយល់ស្របគ្នា ទាំងស្រុងរហូតនោះទេ។ ស្ថាបនិករបស់យើង ពេលខ្លះតែងតែវិវាទគ្នាតែសំខាន់ពួកគេ សម្របសម្រួលគ្នា ដោយសង្ឃឹមថា ប្រជាពលរដ្ឋជំនាន់ក្រោយ អាចដើរតាមមាគ៌ាបែបនេះដូចគ្នា។ ស្ថាបនិករបស់យើងដឹងថា លទ្ធិប្រជាធិបតេយ្យ មិនទាមទាមូលដ្ឋាន នៃភាពស្របគ្នារហូតនោះទេ តែយើងត្រូវដួល ឬងើបឡើងរួមគ្នា។
ក្នុងទំព័រប្រវត្តិសាស្ត្រអាមេរិក គឺនាដើមសតវត្សរ៍ទី២១ នេះ យើងធ្លាប់ទទួលរងការគំរាមកំហែង រហូតបំបែកសាមគ្គីភាព ក្នុងចំណោមប្រជាពលរដ្ឋអាមេរិក។ ពេលនោះពិភពលោកកំពុងធ្លាក់ចុះ វិសមភាពចាប់ផ្តើមកើតឡើង តួលេខប្រជាសាស្ត្រមានការផ្លាស់ប្តូរ ហើយភេរវកម្មក៏កើតឡើងដូចគ្នា។ សម្ពាធទាំងនេះ មិនត្រឹមតែធ្វើការពិសោធន៍ពីកម្រិតសន្តិសុខ និងភាពរុងរឿងរបស់យើងប៉ុណ្ណោះទេ វាថែមទាំងដកពិសោធន៍ ពីលទ្ធិប្រជាធិបតេយ្យរបស់អាមេរិកដូចគ្នា។ ការហ៊ានប្រឈមមុខនឹងឧបសគ្គ ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ អាចការបញ្ជាក់ពីសមត្ថភាពរបស់យើង ក្នុងការអប់រំកុមារ បង្កើតការងារ និងការពារដែនដី កំណើតរបស់យើង។ ម្យ៉ាងវិញទៀត វាជាការកំណត់អនាគត របស់យើងផងដែរ។
ប៉ុន្តែលទ្ធិប្រជាធិបតេយ្យក៏មិនអាចដំណើរការទៅបាន ដោយគ្មានសេដ្ឋកិច្ច ជាខ្នងបង្អែកបានដែរ។ សព្វថ្ងៃសេដ្ឋកិច្ច កំពុងកើនឡើងជាថ្មីម្តងទៀត ប្រាក់ឈ្នួល ប្រាក់ចំណូល តម្លៃផ្ទះ និងគណនីចូលនិវត្តន៍ កំពុងកើនឡើងជាថ្មី ខណៈដែលភាពក្រីក្រកំពុងធ្លាក់ចុះ។ បណ្តាអ្នកមានតម្រូវឱ្យ បង់ពន្ធយ៉ាងយុត្តិធម៌ បើទោះបីជាទីផ្សារភាគហ៊ុន កំពុងជួបបញ្ហាក្តី។ ជាមួយគ្នានេះដែរ ភាពឥតការងារធ្វើកំពុងធ្លាក់ចុះទាប បើធៀបនឹងរយៈពេលជាង ១០ឆ្នាំ កន្លងមកនេះ។ ចំណែកតម្លៃសេវាកម្មថែរទាំសុខភាព កំពុងកើនឡើង ក្នុងកម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ។
ប្រសិនបើគ្រប់គ្នាអាចដាក់ចេញ នូវគម្រោងរួមគ្នា ដើម្បីទប់ស្កាត់ការចំណាយ ក្នុងសេវាកម្មនេះ ខ្ញុំនឹងគាំទ្រទៅលើគម្រោងនេះ ដោយបើកចំហរជាសាធារណៈ។ ទាំងអស់នេះជាអ្វី ដែលយើងបម្រើប្រជាពលរដ្ឋ ដើម្បីធ្វើឱ្យជីវិតរបស់ពួកគេ ប្រសើរជាងមុន មិនមែនអាក្រក់ជាងមុននោះទេ។ ជាអកុសល ស្ថានភាពជាក់ស្តែង វាមិនគ្រប់គ្រាន់ដូចការគ្រោងទុកនោះទេ។ សេដ្ឋកិច្ចរបស់យើងមិនទាន់ដំណើរការល្អ ឬកំណើនឆាប់រហ័ស សមស្របនៅឡើយ។
គ្មានមធ្យោបាយណាមួយ ដែលរហ័សក្នុងការដោះស្រាយនិន្នាការមួយ ដែលបានអូសបន្លាយ ក្នុងរយៈពេលជាយូរមកហើយបាននោះទេ។ ខ្ញុំយល់ស្របថា វិស័យពាណិជ្ចកម្ម ដែលអាចជោគជ័យបាន គឺត្រូវតែត្រឹមត្រូវ មិនមែនគ្រាន់តែមានសេរីភាពម្យ៉ាងនោះទេ។ ប៉ុន្តែបំលាស់ប្តូររលកក្រោយ នៃសេដ្ឋកិច្ចអាមេរិក មិនមែនមកពីក្រៅប្រទេសនោះទេ។
វាបណ្តាលមកពីសេរីភាព នៃការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលអាចផលិតទំនិញបានជាច្រើន ជាហេតុនាំឱ្យមនុស្សបាត់បង់ការងារធ្វើ។ ហេតុនេះយើងចាំបាច់ ត្រូវបង្កើតសង្គមថ្មីមួយ ដើម្បីធានាបានថា កុមាររបស់យើងអាចទទួលបាន ការអប់រំគ្រប់គ្រាន់ តាមដែលគេត្រូវការ ផ្តល់អំណាចដល់កម្មករ ក្នុងការបង្កើតសហជីព និងទទួលបានប្រាក់ឈ្នួលប្រសើរជាងមុន ធ្វើកំណែទម្រង់សុវត្ថិភាពសង្គម ដើម្បីឆ្លុះបញ្ជាំងពីរបៀប ដែលយើងរស់នៅ និងបង្កើតទម្រង់ពន្ធកូដ ហេតុនេះ បណ្តាក្រុមហ៊ុន និងសាជីវកម្មឯកជន ដែលទទួលផលពីមុខរបរច្រើនជាងគេ មិនអាចជៀសផុតពី កាតព្វកិច្ចបង់ពន្ធបានឡើយ។ ក្រៅពីនេះ យើងអាចជជែកពិភាក្សាគ្នា ដើម្បីស្វែងរកមធ្យោបាយបានល្អបំផុត ដើម្បីសម្រេចបាននូវគោលដៅទាំងនោះ។ ប្រសិនបើយើងមិនបង្កើតឱកាស សម្រាប់មនុស្សគ្រប់គ្នា នោះភាពមិនសប្បាយចិត្ត និងការបែកបាក់ក្នុងសង្គម នឹងរារាំងដល់ដំណើរការទៅមុខ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
អ្វីដែលខ្ញុំបានកត់សម្គាល់ច្រើនបំផុត ក្នុងរយៈពេល ៨ឆ្នាំ ចុងក្រោយនេះ គឺខ្ញុំទទួលបានថាមពលដ៏ខ្លាំងក្លា ពីអ្នកទាំងអស់គ្នា ខ្ញុំព្យាយាមឆ្លុះបញ្ចាំង ជារៀងរាល់ថ្ងៃ អំពីទឹកចិត្ត ឥរិយាបទ និងទស្សនវិស័យរបស់អ្នក។ ខ្ញុំតែងតែសម្លឹងមើលពីភាពរីកចម្រើន ការរៀបអាពាហ៌ពិពាហ៌ មានកូន និងចាប់ផ្តើមនូវដំណើរជីវិត ដោយខ្លួនអ្នក។ អ្វីដែលធ្វើឱ្យខ្ញុំ មានមោទនភាពបំផុតលើសអ្វី ដែលយើងសម្រេចបាននោះគឺ អ្វីដែលអ្នកសម្រេចបានពីទីនេះ។
អ្នករាល់គ្នាដែលនៅទីនេះ អ្នកជាអ្នកគាំទ្រខ្ញុំដ៏អស្ចារ្យ ខ្ញុំពិតជាមានភាពអំណរជាខ្លាំង។ ជាការពិតដោយសារអ្នក គឺបានផ្លាស់ប្តូរពិភពលោកទាំងមូល។
ហេតុនេះបានជាខ្ញុំ ចាកចេញពីវេទិការក្នុងនាម ជាប្រធានាធិបតីនៅពេលនេះ ពិតជាមានសុទិដ្ឋិនិយមខ្ពស់ ចំពោះសហរដ្ឋអាមេរិក ជាងពេលដែលខ្ញុំ ទើបតែចាប់ផ្តើមកាន់ដំណែងនេះ។ ដោយសារខ្ញុំជឿជាក់ថា ការងាររបស់យើងរាល់គ្នា មិនត្រឹមតែជួយដល់ ប្រជាពលរដ្ឋអាមេរិកប៉ុណ្ណោះទេ តែវាក៏ជាការជម្រុញប្រជាពលរដ្ឋអាមេរិកផងដែរ ជាពិសេសយុវវ័យ។ ជឿជាក់ថា អ្នកអាចធ្វើឱ្យមានការផ្លាស់ប្តូរ។ ជំនាន់នេះកំពុងបន្តដំណើរទៅមុខ មិនអាត្មានិយម
ប្រជាជាតិអាមេរិករបស់ខ្ញុំ វាជាកិត្តិយសបំផុត សម្រាប់ខ្ញុំ ក្នុងការបម្រើអ្នក។ ជាការពិត បើទោះបីខ្ញុំឈប់កាន់ដំណែង ជាប្រធានាធិបតី តែខ្ញុំនឹងមិនឈប់ដាច់ខាត ខ្ញុំនឹងបន្តនៅជាមួយអ្នក ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ដើម្បីបម្រើអ្នក សម្រាប់ពេលវេលា ដែលនៅសេសសល់សម្រាប់ខ្ញុំ។ បច្ចុប្បន្ន មិនថាអ្នកនៅក្មេង ឬយ៉ាងណា ខ្ញុំស្នើអ្នកទាំងអស់គ្នា ត្រូវជឿជាក់ថា ការផ្លាស់ប្តូរដែលកើតឡើង ក្នុងរយៈពេលប្រាំបីឆ្នាំចុងក្រោយនេះ មិនមែនបានដោយសារ សមត្ថភាពរបស់ខ្ញុំនោះទេ តែបានមកដោយសារអ្នករាល់គ្នា។
ខ្ញុំសូមឱ្យអ្នកជឿជាក់ ព្រមទាំងចាំទុកអំពីគំនិតនៃការផ្លាស់ប្តូរនេះ ដែលមានប្រភពមកពីក្រុមទាសករ ជនអន្តោប្រវេសន៍ និងមនុស្សផ្សេងៗទៀត ដែលធ្វើការងើបឡើងបះបោរ ដើម្បីទាមទារយុត្តិធម៌ វាជាគោលគំនិត ដែលស្ថិតក្នុងក្រអៅបេះដូង របស់ប្រជាពលរដ្ឋអាមេរិកគ្រប់រូប។ ជាការពិត អ្នកអាចធ្វើបាន ហើយអ្នកបានសម្រេចកិច្ចការនោះហើយ អ្នកពិតជាអាចធ្វើបាន។ ជាចុងក្រោយ អរគុណអ្នកទាំងអស់គ្នា សូមព្រះជាម្ចាស់បន្តផ្តល់ពរ ដល់សហរដ្ឋអាមេរិក»៕
បកប្រែ និងសម្រួលដោយ៖ អ៉ឹត ចណ្ណា
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង