(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បៀល គ្លីនតុន និងភរិយាគឺលោកស្រី ហ៊ីលឡារី គ្លីនតុន នឹងមានវត្តមានចូលរួមក្នុងពិធីតែងតាំងលោក ដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិកទី ៤៥ ខណៈអតីតប្រធានាធិបតី លោក ចច ដាប់ប៊ែល យូប៊ូស (George W Bush) រួមទាំងភរិយាគឺលោកស្រី ឡូរ៉ា ក៏បានប្រកាសពីគំរោងចូលក្នុងពិធីនេះដែរដោយថែមទាំងនិយាយទៀតថា អ្នកទាំងពីរចង់ធ្វើជាសាក្សីនៃការផ្ទេរអំណាចដោយសន្តិវិធី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០១៧។
នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ត្រាំ បានផ្ដួលលោកស្រី គ្លីនតុន និងធ្លាប់បានរិះគន់លោក ប៊ូស យ៉ាងចាស់ដៃពាក់ព័ន្ធនឹងការធ្វើសង្រ្គាមនៅអ៊ីរ៉ាក់ ក៏ដូចជាមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ដោយឡែកអតីតប្រធានាធិបតីអាមេរិកទី ៣៩ លោក ជីមមី ខាតធឺ ក៏បានសម្រេចចិត្តចូលរួមដែរក៏ប៉ុន្តែ លោក ចច ប៊ូស (George Bush) មានអាយុ ៩២ឆ្នាំ ដែលត្រូវជាឪពុកលោក ប៊ូស ប្រកាសថាលោកនឹងមិនទៅចូលក្នុងពិធីតែងតាំងលោកត្រាំ នោះទេ ដោយសារតែបញ្ហាសុខភាព។
គួរបញ្ជាក់ថាលោក ដូណាល់ ត្រាំ នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៥ នៅឯវិមាន Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី ២០ ខែមករា ខាងមុខនេះ៕
ប្រភព ៖ ប៊ីប៊ីស៊ី