(កាណាដា)៖ រូបភាពដ៏គួរឲ្យចាប់អារម្មណ៍មួយ ត្រូវបានបង្ហោះនៅលើប្រព័ន្ធអ៉ីនធឺណេត ដែលបង្ហាញពីបុរសម្នាក់ ឈ្មោះ Eduard Paraschivescu ត្រូវមិត្តភក្តិរួមការងារ ជាច្រើននាក់ លួចថតជាមួយគាត់ ខណៈដែលបុរសរូបនេះ កំពុងលង់លក់ក្នុងដំណេក ប្រមាណ ២០នាទី ក្នុងម៉ោងបំពេញការងារ បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។
Paraschivescu ទើបតែមកហ្វឹកហាត់ការងារ នៅក្នុងក្រុមហ៊ុន software មួយឈ្មោះ GSoft បានពីរថ្ងៃប៉ុណ្ណោះ ហើយនៅថ្ងៃទីពីរ កំឡុងពេលបំពេញការងារ គាត់ក៏ដេកលក់មួយស្របក់ធំ ធ្វើឲ្យមិត្តភក្តិដែលធ្វើការជាមួ យឃើញដូច្នោះ នាំគ្នាលួចថតរូបជាមួយទុកជាអនុស្សាវរីយ៍ ក្រោមទឹកមុខដ៏រីករាយទៀតផង។
Paraschivescu និយាយថា គាត់កើតរោគខ្វះឈាមក្រហម ហើយតែងមានអារម្មណ៍ហត់នឿយច្រើន ទើបដេកលក់មួយសន្ទុះហើយភ្ញាក់ឡើង ឃើញគេលួចថតបែបនេះ ធ្វើឲ្យគាត់អស់សំណើច ដោយការហួសចិត្តជាខ្លាំង ហើយហេតុការណ៍នេះ មិនបានធ្វើឲ្យគាត់ត្រូវបណ្តេញចេញពីការងារទេ គ្រាន់តែគាត់នឹងព្យាយាមធ្វើអ្វីមួយ មិនឲ្យងងុយដេកក្នុងម៉ោងការងារទៀតឡើយ។ Paraschivescu បានបង្ហោះរូបភាព ដែលមិត្តលួចថតជាមួយពេលដេកលក់នេះ នៅលើបណ្តាញសង្គមហើយក៏មាន អ្នកចូលទស្សនាច្រើនគួរសមដែរ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី