កាលពីថ្ងៃទី ១៧ តុលា ម្សិលមិញនេះរដ្ឋាភិបាលកម្ពុជាបានធ្វើពិធីដង្ហែព្រះបរមសព របស់ព្រះ
ករុណាព្រះបាទ នរោត្តម សីហនុ ព្រះវររាជបីតាឯករាជ្យជាតិ ដែលព្រះអង្គបានចូលទិវង្គតនាថ្ងៃ
ទី១៥ តុលា នៅមន្ទីរពេទ្យទីក្រុង ប៉េកាំង ប្រទេសចិន ក្នុងជន្មាយុ ៩០ ព្រះវស្សា។ ហើយក្នុងការ
ធ្វើពិធីដង្ហែព្រះបរមសព នេះផងដែរ គេសង្កេតឃើញមានប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី ទាំង
មកពីខែត្រ និងក្រុងផ្សេងៗបានប្រមូលគ្នាអមសងខាងផ្លូវ តាំងពីអាកាសយានដ្ឋានអន្តរជាតិ
ភ្នំពេញរហូតមកដល់ព្រះបរមរាជវាំង ដើម្បីជាការអមដល់ការយាងធ្វើមាតុនិវត្តន៍វិញនៃព្រះបរម
សពរបស់ព្រះករុណា សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ដែលបើតាមការប្រមើលមើលគឺមាន
មនុស្សមិនតិចជាងកន្លះលាននាក់នោះទេ ដែលបានចូលរួម។
តែជាមួយគ្នានេះផងដែរយើងក៏បានសង្កេតឃើញមានសកម្មភាពអសកម្មមួយចំនួនដែលកើត
ចេញពីជនឆ្លៀតឪកាសមួយចំនួនផងដែរ។ ពួកគេបានយកឪកាសនេះដើម្បីធ្វើជាឈ្នាន់ក្នុងការ
រកស៊ី ដោយបានដំឡើងថ្លៃគ្រប់ប្រភេទ និងរិះរកវិធីសាស្រ្តថ្មីក្នុងការរកប្រាក់ទៀតផង ដូចជា មាន
អ្នកលក់ក្រណាត់បូខ្មៅកាន់ទុកក្នុងមួយខ្សែ ១០០០៛ ទឹកពិសារក្នុងមួយដប ១០០០៛ ទៅ ២០០០៛
មានខ្លះបានយកទីតាំងផ្ទះរបស់ខ្លួនដែលមានទីតាំងក្បែរតំបន់ បូលឌីញ Phnom Penh Center
និងក្រោយព្រះបរមរាជវាំងដាក់ជាកន្លែងផ្ញើរម៉ូតូដោយយកតម្លៃពី ២០០០៛ ដល់ ១០០០០៛ ទៀត
ផង ហើយមានអ្នកលក់ធូប ៥ សរសៃ ៥០០៛ ហើយអ្វីដែលមិនអាចទទួលយកបាននោះគឺមាន
អ្នកផ្ដិតរូបសម្ដេចព្រះនរោត្តមសីហនុ ដើម្បីដើរលក់ជូនយាយៗដែលមកពីតាមខែត្រក្នុងមួយសន្លឹក
តម្លៃពី ១៥០០០៛ ដល់ទៅជាង ២០០០០៛ ទៀតផង។
ទោះជាយ៉ាងនេះក្ដី គេក៏សង្កេតឃើញមានកូនខ្មែរពិតៗមួយចំនួនដែលមានទឹកចិត្តសប្បុរស
ចេះជួយដល់គ្នា បានដាក់ជាស្ដង់តូចៗដែលមានចែកជូនដោយឥតគិតថ្លៃនូវទឹកពិសារ ក្រណាត់
បូពណ៌ខ្មៅ និងជួយសម្រួលដល់អ្នកដែលមានអការៈមិនស្រួលខ្លួនជាដើម ដោយមិនមានយក
កម្រៃ។
កូនខ្មែរដាក់ស្តង់តូចចែកទឹកពិសារ និងបូរកាន់ទុកដោយមិនយកកម្រៃ
ដោយឃើញមានភាពអសកម្មបែបនេះ Camnews សុំចិត្តអ្នកអានទាំងអស់គ្នាជួយក្នុងការផ្សព្វ
ផ្សាយនូវព័ត៌មាននេះ សូមអោយមហាជនមួយចំនួនដែលប្រកបរបរផ្ញើរម៉ូតូ លក់ទឹកពិសារ សូម
មេត្តាកុំយកពិធីកាន់ទុក្ខអតីតព្រះមហាក្សត្រមកធ្វើជាឈ្នាន់ក្នុងការរកស៊ី ព្រោះការធ្វើបែបនេះ
មិនមែនជាការគោរពនោះទេ វាថែមទាំងធ្វើអោយមានការពិបាកដល់អ្នកដែលមកពីខែត្រផងដែរ
ជាពិសេសយាយៗដែលគាត់បានអញ្ជើញមកពីបណ្ដាខែត្រមួយចំនួន គ្រាន់តែ ២០០០០៛ ទិញរូប
ថតសម្ដេចតា មួយសន្លឹកនោះវាស្មើរថ្លៃធ្វើដំណើរទៅមកមួយជើងបាត់ទៅហើយ។ សូមជួយផ្សព្វ
ផ្សាយបន្តព្រោះយើងជាខ្មែរដូចគ្នា៕
ដោយ៖ ម៉ូកា