CamNews

រថយន្ត 

ន៎ុះ Lamborghini ផ្ទុះឆេះច្រើនគ្រឿង, ពេលនេះ Lamborghini ប្រកាសប្រមូលរថយន្តវិញ ទូទាំងពិភពលោក

(សិង្ហបុរី)៖ ក្រុមហ៊ុនផលិត​រថយន្តម៉ាក Lamborghini របស់ប្រទេស​អ៊ីតាលី បានប្រកាស​ប្រមូលយក​រថយន្តដ៏ទំនើប​ និងមាន​តម្លៃថ្លៃកប់​ពពក​​នេះ​​រាប់​ពាន់​​គ្រឿង​ចូល​​​មកវិញ ជុំវិញបញ្ហា​អគ្គិភ័យ​បន្ទាប់ពី​ករណីផ្ទុះឆេះ​រថយន្តហោះប្រភេទ​ចំនួនចំនួន០៧​លើកត្រូវ​បានរាយការណ៍​​​នៅ​​ទូ​ទាំង​​ពិភព​លោក។ នេះ​បើ​តាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។


ក្រុមហ៊ុន​ផលិតរថយន្ត​ដ៏ល្បីឈ្មោះបំផុត​មួយនេះបាន​ឲ្យដឹងនៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់ខ្លួនថា ក្រុមហ៊ុនពុំ​បាន​ទទួលដឹងថា​មានអ្នកបើក​ឬមួយ​ក៏អ្នកដំណើរ​ណា​បានទទួលរងរ​បួស​ដោយសារ​តែបញ្ហាខាង​លើឡើយ។ ជុំវិញបញ្ហានេះ​រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​លើមហាវិថីជាតិ​​របស់​សហរដ្ឋអាមេរិក​ បានលើក​ឡើងថា «នៅក្នុង​លក្ខខណ្ឌ​នៃការបើកបរ​ណាមួយ ខណៈពេល​ដែលយាន​យន្ត​ម៉ាក Lamborghini មាន​ផ្ទុក​ឥន្ធនៈនៅពេញបេនសាំង​នោះ ប្រេងសាំងប្រហែលជាប៉ះពាល់​ជាមួយប្រព័ន្ធ​បញ្ចេញផ្សែងពុល ដែលប្រការ​នេះអាចបង្កើន​ហានិភ័យ​នៃ​​ការ​ផ្ទុះឆេះ​ឡើងបាន​យ៉ាងងាយ»។

ជាមួយគ្នានេះយោង​តាមសេចក្តី​រាយការណ៍​របស់ CNN អ្នកនាំពាក្យ​មកពី​ក្រុមហ៊ុន Lamborghini បានថ្លែងថា​ម្ចាស់រថយន្ត​ទាំងអស់​គួរតែ​នាំយក​រថយន្តរបស់ពួកគេ​ទៅកាន់ក្រុមហ៊ុន​លក់រថយន្តនេះ​នៅតាមតំបន់​រៀងៗខ្លួន ដើម្បីធ្វើការកែ​តម្រូវបញ្ហានេះ​ដែលនឹងចំណាយ​ពេល​យ៉ាងច្រើន​ពីពីរទៅបីថ្ងៃគឺ​រួចរាល់ហើយ។ ម្ចាស់​រថយន្តដ៏ទំនើបនេះ​ត្រូវបានស្នើឲ្យ​ធ្វើការទាក់ទង​ទៅកាន់ក្រុមហ៊ុន​ផ្នែកលក់​រថយន្ត Lambor ghini ដែលមាន​ការអនុញ្ញាត​ត្រឹមត្រូវ ដើម្បីទទួល​បាន​ការដំឡើង​ប្រព័ន្ធគ្រប់គ្រង​ការបញ្ចេញ​ផ្សែងពុល EVAP ទៅកាន់​ជំនាន់ចុង​ក្រោយ​បំផុត។

គួរបញ្ជាក់ថា​ម៉ូដែលរថយន្ត Lamborghini ដែលស្ថិត​ក្រោមការ​ប៉ះពាល់​រួមមាន Aventador ដែលមាន​តម្លៃខ្ទង់​៤០០,០០០ដុល្លារសហរដ្ឋ​អាមេរិក​ក្នុងមួយគ្រឿង និងម៉ូដែល Venono ដ៏កម្រដែល​មានតម្លៃដល់​ទៅបួនលាន​ដុល្លារ ហើយ​រថយន្ត Lamborghini ម៉ូដែល Aventadors ចំនួន​ជិត​៦,០០០គ្រឿង​ត្រូវបានប្រមូល​ចូលវិញ ដើម្បីឆ្លងកាត់​ការកែ​តម្រូវបញ្ហា៕




ប្រភព ៖ CNA


Tags: Lamborghini Sport car Int news Hot news