(ប៉េកំាង)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ (Rodrigo Duterte) បាននិយាយ ពាក្យលាគ្នាហើយជាមួយសហរដ្ឋអាមេរិក នៅក្នុងអំឡុងពេលបំពេញដំណើរទស្សនកិច្ចនៅទីក្រុងប៉េកំាង ប្រទេសចិន ដែលនេះគឺជារបត់ថ្មីមួយនៃសម្ព័ន្ធភាពរវាងទីក្រុងម៉ានីល និង វ៉ាស៊ីនតោន ខណៈរដ្ឋាភិបាលរបស់លោក ឌូធើតេ កំពុងបង្ហាញពីទំនោរងាកខ្លាំងទៅរកមហាអំណាចចិន និងរុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០១៦។
ថ្លែងទៅកាន់សហគមន៍ហ្វីលីពីនពីទីក្រុងប៉េកំាង លោក ឌូធើតេ បានអះអាងថា ហ្វីលីពីន បានទទួលផលចំណេញតិចតួចប៉ុណ្ណោះ ពីទំនាក់ទំនងដ៏យូអង្វែងជាមួយសហរដ្ឋអាមេរិក ដោយលោកបញ្ជាក់ថា «អ្នក (សហរដ្ឋអាមេរិក) បានស្ថិតនៅក្នុងប្រទេសរបស់យើងដើម្បីតែ ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក ដូច្នេះវាដល់ពេលនិយាយលាគ្នាហើយមិត្តសំឡាញ់!។
«ខ្ញុំនឹងមិនទៅសហរដ្ឋអាមេរិកទៀតនោះទេ ព្រោះថាខ្ញុំអាចនឹងត្រូវគេជេរនៅទីនោះ»។ នេះជាការលើកឡើងរបស់លោក ឌូធើតេ មុននឹងលោកនៅតែប្រើពាក្យថា « son of whore» សារជាថ្មីជូនចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា។
គួរបញ្ជាក់ថា បន្ទាប់ពីបានចូលកាន់ដំណែងជាប្រធានាធិបតីហ្វីលីពីន លោក ឌូធើតេ ធ្លាប់បាននិយាយថា លោកនឹងផ្លាស់ប្ដូរគោលនយោបាយ ហ្វីលីពីន ដែលធ្វើតាមរបៀបវារៈ លោកខាងលិច ដោយលោកថែមទំាងបានគូសបញ្ជាក់ដែរថា «ការរក្សាគម្លាតពី ចិន កន្លងមក មិនមែនជាការសម្រេចចិត្តផ្ទាល់របស់លោកឡើយ ហើយលោកនឹងបង្កើតសម្ព័ន្ធថ្មីមួយ»។
សូមជំរាបថា លោក ឌូធើតេ បានទៅដល់ទីក្រុងប៉េកាំងប្រទេសចិន តាំងពីថ្ងៃអង្គារ មកម្ល៉េះហើយសម្រាប់ថ្ងៃព្រហស្បតិ៍នេះ លោកនឹងជួបពិភាក្សា ជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ជាលើកដំបូងបំផុត ដើម្បីលើកយកប្រធានបទក្តៅៗដែលរារាំងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ មកពិភាក្សា និង ដោះស្រាយ ហើយលោក ឌូធើតេ នឹងត្រឡប់ទៅប្រទេសកំណើតវិញ នៅថ្ងៃសុក្រស្អែកនេះ៕
ប្រភព ៖ CNA